ព័ត៌មានទាន់ហេតុការណ៍៖

លោក បណ្ឌិត ម៉ៅ ធនិន អញ្ជើញជួបជុំប្រជាពលរដ្ឋ ដែលរងគ្រាះដោយសារក្រុមហ៊ុនជា សារ៉ន

ចែករំលែក៖

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានជួបជុំជាមួយ ពុក ម៉ែ បង ប្អូន ដែលរងគ្រាះដោយសារក្រុមហ៊ុនជា សារ៉ន ដើម្បីជម្រាបជូនយន្តការដោះស្រាយបន្ត ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ 

សូមបញ្ជាក់ថា ៖ កន្លងទៅអ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងនោះសាលាដំបូងខេត្តកំពត បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១០៦គណនី និងបង្កអចលនវត្ថុ(ដី) ជាង២ពាន់ក្បាលដី ដែលមានទីតាំងស្ថិតនៅខេត្តកំពត រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកែប។

ទន្ទឹមគ្នានេះ សាលាដំបូងខេត្ត ក៏កំពុងតែស្រាវជ្រាវស្វែងរកនូវអចលនវត្ថុ និងចលនវត្ថុរបស់ជនត្រូវចោទដែលពាក់ព័ន្ធបន្តទៀតផងដែរ។ យ៉ាងណាមិញ សាលាដំបូងខេត្ត បាននឹងកំពុងពិនិត្យ និងសិក្សាលើអចលនវត្ថុ ដែលត្រូវបានបង្កក ដើម្បីជាមូលដ្ឋានក្នុងការរកដំណោះស្រាយជូនជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី។ បន្ថែមពីនេះ សាលាដំបូងខេត្ត បាននិងកំពុងពិនិត្យស្រាវជ្រាវនូវកម្ចី (បំណុល)របស់ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណីនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលជាប់ពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន រៀលធី។

ជាមួយគ្នានេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានគូសបញ្ជាក់ថា សាលាដំបូងខេត្ត បានកំពុងបន្តឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ជា សារ៉ន និងបក្ខពួក ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី របស់ជនត្រូវចោទឈ្មោះ ជា សារ៉ន  ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

អ្នកនាំពាក្យសាលាដំបូងខេត្ត បានស្នើឱ្យប្រជាពលរដ្ឋ សាធារណជន និងបណ្តាញសារព័ត៌មាន មេត្តាសហការចូលរួមឱ្យបានគ្រប់ជ្រុងជ្រោយ ដោយរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ដើម្បីសាលាដំបូងខេត្តកំពត បន្តចាត់ការសំណុំរឿងនេះ ប្រកបដោយប្រសិទ្ធិភាព និងរកដំណោះស្រាយជូនភាគីដែលមានការពាក់ព័ន្ធទាំងអស់នាពេលខាងមុខ។

ទាក់ទិននឹងសំណុំរឿងក្រុមហ៊ុន ជា សារ៉ន នេះដែរ សាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន៩នាក់ និងជនត្រូវចោទសរុបចំនួន ៥០នាក់ ត្រូវបានតុលាការខេត្តចេញដីកាបង្គាប់ឱ្យនាំខ្លួននិងចេញដីកាបង្គាប់ឱ្យចូលខ្លួន។ ក្នុងនោះមាន៤០នាក់ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យនាំខ្លួន និង១០នាក់ផ្សេងទៀតតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួន។ ចំពោះថិរវេលាឱ្យចូលខ្លួនគឺគិតចាប់ពីថ្ងៃទី២៩ខែមេសាដល់ថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពត នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤ កន្លងទៅ៕

ដោយ ៖ សិលា


ចែករំលែក៖