ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះធ្វេីការអប់រំណែនាំអាជីវកម្មភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ ដែលបង្កសំឡេងរំខាននិងពុំមានច្បាប់អនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖​ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ​ នៅយប់ថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥​ បានចុះពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ ដែលស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមការងារបានត្រួតពិនិត្យឃើញថាទីតាំងខាងលើនេះពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបានបង្កសំឡេងរំខាន់ធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាង ។ 

អាជ្ញាធរបានឲ្យដឹងថា​ ដោយបានការអនុញ្ញាតពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងសង្កាត់ចុះពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋាន នីរ៉ា ផាប់ ដោយឃេីញថា​ ទីតាំងខាងលេីពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបានបង្កសំឡេងរំខានធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាង ក្រុមការងារបានធ្វើកំណត់ហេតុ និងអប់រំណែនាំឲ្យម្ចាស់អាជីវកម្មខាងលើរួមមាន៖

១-មិនត្រូវប្រើប្រាស់ឧបករណ៍បំពងសំឡេង ឬ សំឡេងស្រែកឡូឡាហ៊ោកញ្រ្ជៀវរំខានដល់អ្នកជិតខាង

២-ត្រូវគោរព និងអនុវត្តតាមសេចក្ដីប្រកាសដាក់ឲ្យអនុវត្តនូវគោលការណ៍ណែនាំបច្ចេកទេសការត្រួតពិនិត្យការរំខានដោយសំឡេង និងរំញ័រពីការបំផ្ទុះ

៣-ហាមប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទនៅក្នុងទីតាំងអាជីវកម្ម

៤-ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទីតាំងអាជីវកម្ម

៥-ហាមប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ

៦-មិនត្រូវយកផ្លូវសាធារណៈធ្វើជាចំណតម៉ូតូ ឬរថយន្ដរបស់ភ្ញៀវទេ ។

ប្រសិនបេីម្ចាស់ទីតាំងមិនអនុវត្តតាមការអប់រំណែនាំនៅតែបំពានអាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖