ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូតូនោះទៅលក់ចំនួន៩៣០ដុល្លារ ដើម្បីសងបំណុលគេ បែរជាប្រឌិតព័ត៌មានថាមានចោរប្លន់ម៉ូតូរបស់ខ្លួននៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចកោះហៅសួរនាំ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ ខាត់ សុឃីម ដែលមានខ្លឹមសារ «សូមបងប្អូនអ្នកសិល្បៈភ្លេងខ្មែរបង្កើនការប្រុងប្រយ័ត្នពេលជិះម៉ូតូជិតភ្លឺទៅលេងភ្លេងកុំឈប់កន្លែងស្ងាត់ៗអី ព្រោះឮដំណឹងថាព្រឹកមិញគេប្លន់ម៉ូតូអ្នកភ្លេងខ្មែរមួយគ្រឿងព្រឹកមិញម្ដុំក្រាំងធ្នង់» កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានការស៊ែរបន្តដោយអាខោនហ្វេសប៊ុកឈ្មោះ អាចារ្យធំ នគររាជ ដោយបានសរសេរពាក្យពេចន៍មិនសមរម្យរបៀបប្រមាថមើលងាយមកលើសមត្ថកិច្ចអនុវត្តច្បាប់។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវករណីនេះ។

នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានកោះហៅឈ្មោះ ណែម សុធា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកលេងភ្លេងខ្មែរ មានទីលំនៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចូលមកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ណែម សុធា បាននិយាយរៀបចំពីដំណើរការរឿងថា នៅវេលាម៉ោង០៥:០០នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្លួនបានប្រាប់ទៅមិត្តភក្តិឈ្មោះ រ៉ា ថាខ្លួនត្រូវបានចោរប្ល ..;ន់យកម៉ូតូនៅកន្លែងស្ងាត់ពេលជិតភ្លឺ នៅម្តុំសង្កាត់ក្រាំងធ្នង់។ លុះក្រោយមកឈ្មោះ រ៉ា ក៏បានផ្ញើសារសំលេង ចូលទៅក្នុងគ្រុបហ្វេសបុកដែលមានឈ្មោះថា មិត្តសិល្បៈករភ្លេងខ្មែរ អំពីរឿងហេតុដែលឈ្មោះ ណែម សុធា បានប្រាប់ខ្លួន។

ក្រោយពីធ្វើការសាកសួររួច ឈ្មោះ ណែម សុធា បានឆ្លើយសារភាពថាខ្លួនបានយកម៉ូតូទៅលក់ក្នុងតម្លៃ ចំនួន៩៣០ដុល្លារ ដើម្បីយកលុយទៅសងបំណុល ហើយខ្លាចប្រពន្ឋដឹង ដោយពេលកន្លងមកប្រពន្ឋធ្លាប់ឱ្យលុយសងបំណុលគេហើយ ទើបបែកគំនិតប្រឌិតរឿងថាខ្លួនត្រូវបានចោរប្លន់..;ម៉ូតូតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំ ឈ្មោះ ណែម សុធា នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖