ភ្នំពេញ ៖ យុវជនម្នាក់ និងអ្នករួមដំណេីរពីរនាក់ទៀតបាន បើករថយន្តមួយគ្រឿងបុករះជាមួយម៉ូតូ និងឡំប្រឺតា រួចបើករត់ពីផ្លូវត្រឡោកបែក រហូតមកដល់ខាងក្រោយវត្តមង្គលវ័ន ជ្រុលទៅបុកម៉ូតូមួយគ្រឿង ទើបកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋឃាត់ជាប់ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣ និង៥០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចខាងក្រោយវត្តមង្គលវ័ន តាមបណ្តោយផ្លូវលេខ១០៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានឲ្យដឹងថា មុនកេីតហេតុ រថយន្តបង្កមួយគ្រឿង ម៉ាក តូយ៉ូតា ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-6615 បើកបរដោយយុវជនម្នាក់និងគ្នីគ្នា២នាក់ទៀតក្នុងរថយន្ដ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦០៨ ឆ្ពោះទៅផ្លូវត្រឡោកបែក ខណៈបើកទៅដល់ផ្លូវលេខ ៥៩៨ (ផ្លូវ ត្រឡោកបែក) ក៏ស្រាប់តែបុកម៉ូតូ នឹងកង់បីពីក្រោយ តែមិនបង្កឲ្យនរណារបួសនោះទេ ប៉ុន្តែរថយន្តបង្កបានព្យាយមបើករត់គេច ។ ភ្លាមៗនោះ គាត់បានជិះម៉ូតូដេញដើម្បីឲ្យរថយន្ត ឈប់ដោះស្រាយជាមួយជនរងគ្រោះ តែរថយន្តមិនព្រមឈប់បែរជាន់ហ្គែរបន្ថែម បើករត់គេចរហូតមកដល់ ក្បែររបងវត្តមង្គលវ័ន លើផ្លូវលេខ ១០៩ ក៏បានទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យម៉ូតូគាបជាប់ជាមួយកាងរថយន្តខាងមុខ ធ្វើឲ្យទៅមុខលែងរួច ទើបប្រជាពលរដ្ឋ នឹងសមត្ថកិច្ចឃាត់បានយុវជនទាំង០៣នាក់តែម្តង ដោយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ខណ្ឌ៧មករា បានមកដល់នឹងធ្វើការឃាត់អ្នកបេីកបរ រួមនឹងរថយន្តបង្ក និងបានឲ្យភាគីបង្កខាងលើទំនាក់ទំនងខាងក្រុមគ្រួសារដើម្បីធ្វើការដោះស្រាយ សងសំណងទៅជនរងគ្រោះខាងលើដែលរងការខូចខាត ដើម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ