ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការងារគ្រប់គ្រងដីតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅសាលប្រជុំនៃសាលាខេត្តកំពង់ឆ្នាំង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ លោកជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការងារគ្រប់គ្រងដីតំបន់បឹងទន្លេសាប និងការបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមជម្រាបថា កិច្ចប្រជុំដែលមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ គណៈកម្មាការសុរិយោដី និងអជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដីដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយវិវាទទាំងដីរដ្ឋ និងឯកជន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយក្នុងនោះ៖ ទី១)សម្រេចជំរុញការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធបញ្ចប់ ទី២)ការកំណត់គោលដៅចុះបញ្ជីដីទាំងរដ្ឋនិងឯកជន និងដោះស្រាយបញ្ហាវិវាទនៅតំបន់ដីស្ថានីយដាំឈើម្សៅក្រដាស “មានក” ករណីការអនុវត្តអនុក្រឹត្យលេខ ១១២ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់ការពាររមណីយដ្ឋានបន្ទាយលង្វែក និងក្បាលដីជាប់បណ្តឹងជំទាស់របស់រដ្ឋបាលព្រៃឈើ និង ទី៣)សម្រេចបិទបញ្ចប់ករណីវិវាទទាំង ៤៣ ករណី។

សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង ជាខេត្តមួយក្នុងចំណោមខេត្តចំនួន៦ ដែលស្ថិតនៅជាប់នឹងតំបន់បឹងទន្លេសាបអមដោយផ្លូវជាតិលេខ៥។ ខេត្តនេះមានក្រុង/ស្រុកចំនួន៦ ឃុំចំនួន៣៧ និងភូមិចំនួន២៧៣ ស្ថិតក្រោមផ្លូវជាតិលេខ៥ ក្នុងតំបន់បឹងទន្លេសាបដែលមានផ្ទៃដីសរុបចំនួន ២០៨៦០២,៨៣ហិកតា និងមានប្រជាជនរស់នៅសរុប ១២៦២៩៩គ្រួសារ។ បើតាមការធ្វើបច្ចុប្បន្នភាពផែនទី និងព្រំឡើងវិញ ក្នុងឆ្នាំ២០២៤នេះ ទំហំផ្ទៃដីតំបន់១ មានទំហំសរុប ៥៣៦០៨,៣៥ហិកតា តំបន់២ មានទំហំសរុប ៨៣៣០៦,៩៩ហិកតា និងតំបន់៣ មានទំហំសរុប ៧១៦៨៧,៤៩ហិកតា។ ទន្ទឹមនឹងនេះ នៅតំបន់៣ មាននិយាមការបង្គោលថ្មីចំនួន ២១៥ចំណុច ដែលដំណើរការបោះបង្គោលបានបញ្ចប់រួចរាល់ និងនៅតំបន់២ មាននិយាមការបង្គោលចំនួន ៤០៨ចំណុច៕

ដោយ ៖ សិលា


ចែករំលែក៖