ព័ត៌មានទាន់ហេតុការណ៍៖

ចំណតផែរណបពហុបំណង UM២ ជាផែរណបរបស់កំពង់ផែស្វយ័តភ្នំពេញស្ថិតនៅតាមដងទន្លេមេគង្គលើ

ចែករំលែក៖

ភ្នំពេញ ៖ ចំណតផែរណបពហុបំណង UM២ ជាផែរណបរបស់កំពង់ផែស្វយ័តភ្នំពេញស្ថិតនៅតាមដងទន្លេមេគង្គលើក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ខេត្តកំពង់ចាម។ ចំណតផែរណបនេះ ជាទីតាំងយុទ្ធសាស្រ្តនៃការដឹកជញ្ជូន ដែលបានតភ្ជាប់ផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់ខេត្តភាគខាងជើង និងឦសាននៃប្រទេសកម្ពុជាទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា និងនាំចេញទៅប្រទេសវៀតណាម។

សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ចាត់ទុក ចំណតផែពហុបំណងទាំងបីនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតដែលនឹងបម្រើឲ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងការលើកដាក់កុងតឺន័រ។ ជាពិសេសចំណតផែរណបពហុបំណង TS១១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក្នុងការលើកដាក់ទំនិញ ដោយចំណតនេះ ស្ថិតនៅទីតាំងមានសក្តានុពលសម្រាប់បម្រើសេចក្តីត្រូវការប្រើប្រាស់ របស់អតិថិជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តផ្សេងៗទៀត ជាពិសេសចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។ រដ្ឋមន្ត្រីសាធារណការបន្ថែមថា ការសម្រេចបាននូវសមិទ្ធផលថ្មីទាំងបីនេះ នឹងជួយបង្កើនសមត្ថភាពរបស់កំពង់ផែ ក្នុងការឆ្លើយតបនិងកំណើនកុងតឺន័រឆ្លងកាត់ នាពេលបច្ចុប្បន្ន ជាពិសេសជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជាការផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ពាណិជ្ជករ ធុរជននិងវិនិយោគិន ដែលបានកំពុងប្រើប្រាស់សេវាកម្ម របស់ចំណតផែទាំងនេះ។ ក្នុងឱកាសនោះដែរ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ) មានប្រសាសន៍ថា កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវកំណើនកុងតឺន័រឆ្លងកាត់ជាមធ្យម សម្រាប់រយៈពេល ៥ឆ្នាំ ចុងក្រោយ (២០១៨-២០២២) មានប្រមាណ ១៨%។ ជាក់ស្តែង នៅឆ្នាំ២០២១ ក. ស. ភ. ទទួលបានបរិមាណកុងតឺន័រ ចំនួន ៣៤៨៨៩៨TEUs កើនចំនួន ២០% ធៀបនឹងឆ្នាំ២០២០។ សម្រាប់ឆ្នាំ២០២២ មានចំនួន ៤១៧ ៦៩៦TEUs កើនទ្បើងចំនួនប្រមាណ ២០% ធៀបនឹងឆ្នាំ២០២១។ ដោយឡែក នៅក្នុងឆ្នាំ២០២៣ ក. ស. ភ. ទទួលបានបរិមាណកុងតឺន័រចំនួន ៣៩៦ ២២៥ TEUs ទាបជាងប្រមាណ ៥% ធៀបនឹងឆ្នាំ២០២២។ សម្រាប់ការព្យាករណ៍ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ គ្រោងនូវបរិមាណកុងតឺន័រចំនួន ៤៤០ ០០០ TEUs ដែលមានការកើនឡើងប្រមាណ ១១% ធៀបនឹងឆ្នាំ២០២៣។ លោក ហ៊ឺ បាវី មានប្រសាសន៍ឱ្យដឹងដែរថា ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅភូមិខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចំណតផែរណបពហុបំណង LM២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ លោកជឿជាក់ថា បន្ទាប់ពីការដាក់សម្ពោធចំណតផែរណបទាំង ៣ ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ កំពង់ផែស្វយ័តភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា នៅឆ្នាំ២០២៤ នេះ នឹងទទួលបានការកើនឡើងនូវបរិមាណទំនិញ និងកុងតឺន័របន្ថែមទៀត៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖