ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងផ្លូវវាងក្រុងសៀមរាប ប្រវែង ៤៦,៥៧គីឡូម៉ែត ត្រូវបានសិក្សាតម្រាយប្លង់ទីតាំងលម្អិតរួចរាល់ និងឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់

ចែករំលែក៖

ខេត្តសៀមរាប​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ គម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ប្រវែង ៤៦,៥៧គីឡូម៉ែត ត្រូវបានសិក្សាតម្រាយប្លង់ទីតាំងលម្អិតរួចរាល់ និងឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​លោក​ សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវវាងក្រុងសៀមរាប និងលោក​ លី​ សារី​ អភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី១៣  ខែកុម្ភៈ ឆ្នាំ២០២៥ថ្មីៗ​នេះ​ បានដឹកនាំក្រុមការងារចុះពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិត នៃគម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ប្រវែង ៤៦,៥៧គីឡូម៉ែត (PK0+000 – PK46+570) ចំណុចចាប់ពីភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតដល់ភូមិពួកថ្មី ឃុំពួក ស្រុកពួក នៃខេត្តសៀមរាប ដែលបានសិក្សារួច មុនឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ។

ការចុះពិនិត្យគម្រោងផ្លូវវាងក្រុងនេះគឺដើម្បីកំណត់នូវនិយាមកាច្បាស់លាស់ ពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិតនៃផ្លូវ និងឈានដល់ការវាយតម្លៃ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ និងការចំណាយឱ្យមានកម្រិតទាប៕

ដោយ​៖ តារា​


ចែករំលែក៖