ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់យ៉ាងរន្ធត់ដោយគាបជាប់នឹងកាប៊ីនរថយន្តកែច្នៃ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តខ្លួនឯងបើកបុកនឹងរបាំងដែកពុះចែកទ្រូងថ្នល់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវហាយវេ ត្រង់ចំណុចភូមិដាក់សរសរ សង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង ។
តាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់នោះជារថយន្តកែច្នៃ ហើយបានដឹកកូនឈើដើមអាកាស្យារាប់រយដើមដែលមានអ្នកជិះ៣នាក់ រាប់ ទាំងអ្នកបើកបរផង ។
សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្គ្រោះអ្នករងរបួស តែគេមិនទាន់ដឹងពីមូលហេតុជាក់លាក់ទេដែលនាំឲ្យរថយន្តដឹកកូនឈើនេះ ជ្រុលទៅបុករបាំងដែកទ្រូងផ្លូវរហូតគ្រោះថ្នាក់ដល់ជីវិតធ្ងន់ធ្ងន់បែបនេះ ។
ប៉ុន្តែបើតាមប្រភពពីអ្នកឃើញហេតុការណ៍ខ្លះៗបានប្រាប់ថា រថយន្តច្នៃដឹកកូនឈើខាងលើនេះហាក់បើកបរលឿនបន្តិចក្នុងទិសដៅពីជើងទៅត្បូង ។ ប្រភពបាននិយាយថា ពេលបើកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងបន្តិចផង ដែលទំនងជាដាច់ខ្សែចងកូនឈើ ស្រាប់តែមានកូនឈើធ្លាក់រប៉ាយ ហើយភ្លាមនោះគេឃើញរថយន្តរេចង្កូតជ្រុកទៅបុករបាំងចែកផ្លូវពេញទំហឹង ហើយកូនឈើរាប់រយដើមនៅលើរថយន្តក៏រុលទៅមុខបុកតៃកុងនិងអ្នកអង្គុយក្បែរកៀបជាប់កាប៊ីនស្លាប់យ៉ាងរន្ធត់ រីឯម្នាក់ទៀតបានលោតចេញផុតបានត្រឹមរងរបួស ។
ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ ត្រូវគេស្គាល់ថា ១ឈ្មោះ នី ធឿន ភេទប្រុស អាយុជាង៥០ឆ្នាំ (អ្នកជិះក្បែរតៃកុង)និង២ឈ្មោះ ហៃ វិត ភេទប្រុសអាយុប្រហែល ៤០ឆ្នាំ (អ្នកបើកបរ) រីឯអ្នករងរបួសគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ មិនទាន់មានប្រភពច្បាស់ លាស់ទេអំពីគោលដៅរថយន្តដឹកកូនឈើនេះ ប៉ុន្តែបើតាមព័ត៌មានបឋមពីសមត្ថកិច្ចបានសន្និដ្ឋានថា រថយន្តកែច្នៃនេះទំនងដឹកកូនឈើនេះចេញពីកន្លែងមួយឆ្ពោះ ទៅកាន់កន្លែងមួយទៀត តែមិនទាន់ដល់គោលដៅផងក៏ជួបគ្រោះថ្នាក់តែម្ដង ។ ម្យ៉ាងទៀត បើពិនិត្យលើស្ថានភាពរថយន្តកែច្នៃនេះ គឺអាចដឹកកូនឈើលើសចំណុះផងទើបបង្កឲ្យគ្រោះថ្នាក់ ។
សមត្ថកិច្ចស្ទូចរថយន្តចេញពីផ្លូវ និងរង់ចាំសាច់ញាតិមកទទួលយកសាកសពជនរងគ្រោះទៅកាន់លំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច