ខេត្តរតនគិរី ៖ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ សម្ពោធក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ (សាខាខេត្តរតនគិរី) ! លោកថា , សម្ពោធបើកការិយាល័យសាខាមេធាវីនៅខេត្តរតនគិរី ដើម្បីបង្ខិតសេវាច្បាប់ដល់មូលដ្ឋាន។
សូមបញ្ជាក់ថា ៖ នាថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោកមេធាវី ផែន ណាក់ ប្រធានក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ បើកសម្ពោធក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ (សាខាខេត្តរតនគិរី)។
ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានចូលរួមអបអរសាទរដល់លោកមេធាវី ផែន ណាក់ ដែលបានបើកសាខាក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌(សាខាខេត្តរតនគិរី) នេះឡើង។ ជាពិសេស ការអនុញ្ញាតឱ្យបើកការិយាល័យសាខានេះ គឺសម្រាប់ផ្តល់សេវាកម្មច្បាប់ជូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តរតនគិរី ដែលនេះជាផ្នែកមួយនៃការផ្តល់សេវាកម្មច្បាប់ដល់សាធារណជនដល់ភូមិ ឃុំ ស្រុក ក៏ដូចជាមូលដ្ឋានតំបន់ដាច់ស្រយាល ព្រមទាំង ធ្វើយ៉ាងណាផ្សព្វផ្សាយច្បាប់ឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លើសពីនេះ លោកប្រធាន ក៏បានមានប្រសាសន៍ក្នុងពិធី ដោយប្រកាន់ឱ្យខ្ជាប់ខ្ជួន និងអនុវត្តនូវគោលនយោបាយដឹកនាំគណៈមេធាវីទាំង ៩ចំណុចដែលបានដាក់ចេញ សំដៅធ្វើយ៉ាងណាឱ្យវិជ្ជាជីវៈមេធាវីឱ្យកាន់តែមានភាពរុងរឿង ស្របតាមមូលបទរបស់ លោកប្រធាន គឺ រួមគ្នាដើម្បីវិបុលភាពវិជ្ជាជីវៈមេធាវី ៕
ដោយ ៖ សិលា