ព័ត៌មានទាន់ហេតុការណ៍៖

នាយរងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ជិះម៉ូតូដួលចូលក្រោមរថយន្តកិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលជានាយរងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២​ម្នាក់​ជិះ​ម៉ូតូ​ចាប់ហ្វ្រាំងដួលចូលក្រោមរថយន្តធុនធំកិនបណ្តាលឲ្យធ្លាយ​ខួរ​ស្លាប់​យ៉ាងអាណោចអាធ័ម​ ។ 

    ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៧យប់​ថ្ងៃ​ទី​២ខែ​មីនា ​ឆ្នាំ​២០២៥​ ទល់មុខ​ហាង​រាត្រី​មនោរម្យ​ ផ្លូវ​បេតុង​ទួល​ពង្រ​ ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។ 

    ជនរងគ្រោះ​មានឈ្មោះ​ ស៊ុយ​ សុផាត​ ភេទប្រុស​អាយុ​៥៥ឆ្នាំ​ មុខរបរ​ មន្ត្រី​នគរបាល​ ឋានន្តរសក្ដិ​ នាយ​រង​ប៉ុស្តិ៍​ការ​ពារ​គោលដៅ​ទី​២​ មាន​អាសយដ្ឋាន​ ផ្ទះ​លេខ​១៣៣អឺ0 ផ្លូវ​លំ​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​ ។ 

  ដោយ​ឡែក​អ្នក​ បេីកបរដោយ​ ឈ្មោះ វិត សុខុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ​ បើកបររថយន្ត មានទីលំនៅ ភូមិស្តុក ឃុំចេក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន)​ ។ 

  តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​រងគ្រោះ​បានជិះ​ម៉ូតូ​ធុន​ធំ​ម៉ាក​SL ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CI 3033 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ទួល​ពង្រ​ ទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មកដល់​ចំណុច​កេីតហេតុ​  បានជិះ​វ៉ា​ជែង​រថយន្ដ​ តែ​សង្ស័យអកសឺជាមួយរថយន្តមួយគ្រឿងទៀតមកខាងមុខ ក៏ស្រាប់​តែ​អ្នក​ជិះ​ម៉ូតូ​ បានចាប់​ហ្រ្វាំង​ទាំង​បង្ខំ​ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ខ្ទាតមនុស្ស​ចូល​ក្រោម​រថយន្ត​សណ្តោង​ធុន​ធំ​ម៉ាក​ ហ៊ីយ៉ាន់ដាយ​ ពណ៌​បៃតង​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 3A 0944 ដែល​បេីក​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ស្រប​គ្នា​ កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កេីតហេតុ​តែ​ម្តង​ទៅ​   

  ដោយ​ឡែក​រថយន្ត​វិញ​​បង្កគ្រោះថ្នាក់​ហើយ​បានបេីក​ទៅ​មុខ​ប្រហែល​១០០ម៉ែត្រ​ ក៏បានឈប់​រថយន្ត​បម្រុងរត់​គេច​តែ​ត្រូវ​បាន​ពលរដ្ឋ​ដេញ​ឃាត់​បាន​ប្រគល់​ឲ្យសមត្ថកិច្ច​តែ​ម្ដង​   

​ ក្រោយ​កេីតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បានចុះ​ទៅ​កន្លែង​កេីតហេតុ​ រួចហើយ​ក៏​ធ្វើ​ការ​ទំនាក់ទំនង​សាច់ញាតិ​របស់​ជនរងគ្រោះ​មកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែក​មធ្យោបាយ​រួម​ទាំង​អ្នក​បេីក​បរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដេីម្បី​ចាត់ការ​តាម​នីតិ​វិធី​ 

ដោយ៖សុខាសែនជ័យ


ចែករំលែក៖