ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីចុះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា បាននិយាយថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីចុះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលបន្ទាន់មួយជាមួយបណ្ដាមេដឹកនាំអឺរ៉ុប ក្នុងទីក្រុងឡុងដ៍ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងដែលកំពុងស្ថិតនៅលើតុ នឹងត្រូវបានចុះហត្ថលេខា ប្រសិនបើភាគីទាំងសងខាងត្រៀមលក្ខណៈរួចរាល់»។ កិច្ចព្រមព្រៀងរ៉ែដែលត្រូវបានសន្មតថាជាការបោះជំហានឆ្ពោះទៅរកការបិទបញ្ចប់ជម្លោះនៅអ៊ុយក្រែន បានបរាជ័យកាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ បន្ទាប់ពីលោក ហ្សេលេនស្គី និងលោក ត្រាំ ទាស់សម្ដីគ្នាខ្លាំងចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅឯការិយាល័យពងក្រពើនៃសេតវិមាន។
ជាមួយគ្នានោះដែរ តាមរយៈការដកស្រង់សម្ដីដោយសារព័ត៌មាន BBC លោក ហ្សេលេនស្គី បាននិយាយថា «វាជាគោលនយោបាយមួយរបស់យើង ដើម្បីបន្តអ្វីដែលបានកើតឡើង កន្លងមក។ យើងកំពុងស្ថាបនា។ ប្រសិនបើយើងព្រមព្រៀងគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ នោះយើងត្រៀមខ្លួនរួចហើយដើម្បីចុះហត្ថលេខា»។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយជាលោក ដូណាល់ ត្រាំ ជាកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកធ្វើអាជីវកម្មលើរ៉ែសំខាន់ៗ និងរ៉ែកម្រមួយចំនួនរបស់អ៊ុយក្រែន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ នៅឯការិយាល័យពងក្រពើ លោក ត្រាំ និងលោក ហ្សេលេនស្គី បានទាស់សម្ដីគ្នាពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយលោក ពូទីន ហើយលោក ត្រាំ បានប្រាប់ឱ្យលោក ហ្សេលេនស្គី ចេះដឹងគុណចំពោះជំនួយយោធាដែលអាមេរិកបានផ្ដល់ទៅឱ្យទីក្រុងកៀវ ពីព្រោះបើគ្មានជំនួយយោធានេះទេ ម្ល៉េះអ៊ុយក្រែនធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៉ីបាត់ទៅហើយ។
ក្រោយការឈ្លោះប្រកែកគ្នានេះ បណ្ដាមេដឹកនាំអឺរ៉ុបបានចេញមុខគាំទ្រលោក ហ្សេលេនស្គី ហើយជាថ្មីម្ដងទៀតពួកគេបានបង្ហាញការគាំទ្រដល់មេដឹកនាំអ៊ុយក្រែនរូបនេះនៅឯកិច្ចប្រជុំកំពូលមួយរៀបចំឡើងដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលបាននិយាយថា បណ្ដាមេដឹកនាំអឺរ៉ុបបានសន្យាថានឹងបន្តផ្ដល់ជំនួយបន្ថែមដើម្បីសន្តិសុខអ៊ុយក្រែន ហើយនឹងបង្កើតក្រុមចម្រុះមួយដើម្បីការពារបទឈប់បាញ់ណាមួយនៅពេលអនាគត៕

ដោយ៖ ធីរីណា(រូបថត​៖ AP)


ចែករំលែក៖