ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​​ដេញ​ជនសង្ស័យ​ លួច​ម៉ូតូ​និង​ទូរស័ព្ទ​រត់​គេច​ចូល​ក្នុង​លូ​បាត់​ស្រមោល​

ចែករំលែក៖

​​   ភ្នំពេញ៖ ​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នឹង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ គេច​ខ្លួន​រយៈ​ពេល​៣ថ្ងៃ​​ម្ចាស់​តាម​រក​ឃេីញ​នៅ​តាម​ផ្លូវ​ ស្រាប់​តែ​ជនសង្ស័យ​ ភ័យ​ស្លន់ស្លោ​​បានរត់​គេច​ចូល​ទៅ​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​ គេច​ខ្លួន​បាត់​ស្រមោល​   

​ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡេីង​នៅ​ម៉ោង​១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែ​មីនា ​ឆ្នាំ​២០២៥​ ចំណុច​ស្ពាន​ដែក​ចំការ​ដូង​ ផ្លូវ​២១៧​ ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​   

​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បានឲ្យដឹង​ថា​ ម៉ូតូ​របស់​គាត់​ ម៉ាក​ហុង​ដា​ស្តុប​ពី​ស៊េរី​ឆ្នាំ​២០២០​ និង​ទូរស័ព្ទ​ម៉ាក​iphone​១១ មួយគ្រឿងបានបាត់ រយៈពេល៣ថ្ងៃមកហើយនៅម្តុំលូ៥​ ខណ្ឌ​មាន​ជ័យ​ ​ ។ 

​ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ពួកគាត់ជាម្ចាស់របស់ក៏បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​រួច​រាល់​ហើយ​ដែរ​ និងបានស្គាល់ភិនភាគ​ជន​សង្ស័យ​ផងដែរ​  លុះមកដល់វេលារំលងអធ្រាត្រថ្ងៃទី៦ ខែមីនា ​ឆ្នាំ​២០២៥​ ពួកគាត់បានប្រទះ​ឃើញ​ជន​សង្ស័យ​ ដេីរនៅម្តុំផ្លូវលេខ​៣៧១​ បានជិះ​ម៉ូតូ​ដេញ​តាម​ធ្វើឲ្យ​ជន​សង្ស័យ​ភ័យ​ស្លន់ស្លោ​ បានលោតទំលាក់​ខ្លួន​ពី​លើ​ស្ពាន​ដែក​ចំការ​ដូង​ ចូល​ទៅ​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​ តែ​ម្ដង​ទៅ​ ហើយ​ពេលនោះ​ពួកគាត់​ជា​ជន​រងគ្រោះ​ បានដេញ​តាម​ដែរ​ តែ​តាម​មិន​ទាន់​ ព្រោះ​ជន​សង្ស័យ​បានរត់​ចូល​តាម​លូ​បាត់​ស្រមោល​តែ​ម្តង​ទៅ​   

​បន្ទាប់ពី​កេីតហេតុ​ដោយ​សា​រ​រក​មិន​ឃើញ​ជន​សង្ស័យ​ ​ប្រជាពលរដ្ឋ​ និង​ជនរងគ្រោះ​ជាម្ចាស់​​របស់​បានបំបែក​ផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀងៗខ្លួន​ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖