ព័ត៌មានទាន់ហេតុការណ៍៖

តាមចាប់ខ្លួនមេខ្លោងឃាតកសម្លាប់នារីខ្មែរសង្សារចិន ដល់ប្រទេសវៀតណាម ខណៈបក្ខពួក២នាក់បញ្ជូនទៅតុលាការបែកធ្លាយជាក្រុមឧក្រិដ្ឋជនចាប់ជម្រិត

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចនៃអាជ្ញាធរប្រទេសវៀតណាម បានធ្វើការចាប់ខ្លួនមេខ្លោងឃាតកដែលជាអ្នករៀបចំគម្រោងសម្លាប់នារីខ្មែរមានសង្សារចិន យកសាកសពទៅកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើបអុីអន៣ គឺចាប់បានហើយ និងនាំមកដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅពាក់កណ្តាលយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ខណៈបក្ខពួក២នាក់ត្រូវបញ្ជូនទៅតុលាការ កំពុងបើកដំណើរការស៊ើបសួរ ហើយក៏មានការបែកធ្លាយព័ត៌មានថា ពួកគេជាសមាសភាពក្រុមឧក្រិដ្ឋជនចាប់ជំរិតទារប្រាក់ ។ ដូច្នេះករណីសម្លាប់នារីខ្មែរមានសង្សារចិនដែលជាជនរងគ្រោះ គឺពិតណាស់សម្លាប់បំបិតមាត់ដើម្បីកុំឲ្យបែកធ្លាយរឿងរ៉ាវពួកគេដែលជាសមាសភាពជាក្រុមចាប់ជំរិតទារប្រាក់ ។ 

សូមជម្រាបថា ករណីស្ដ្រីខ្មែរម្នាក់ដែលត្រូវបានជនជាតិចិនសម្លាប់ រួចយកសពទៅកប់ក្នុងដីខ្សាច់នៅផ្លូវ៦០ ម៉ែត្រ ក្បែរផ្សារទំនើបអុីអន៣ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនោះ ពេលនេះជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ខណៈនៅសល់មេខ្លោងម្នាក់កំពុងបន្ដរត់គេចខ្លួន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សុភី ភេទស្រី អាយុ ៤៥ឆ្នាំ ពាក់ព័ន្ធករណីបាត់កូនស្រីឈ្មោះ ហេង សៀវលី អាយុ ១៨ឆ្នាំ ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតប្រទះឃើញសាកសពនារីម្នាក់ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ដីខ្សាច់នៅក្បែរផ្សារទំនើប អុីអន៣ ស្ថិតក្នុងសង្កាត់ជើង ឯក ខណ្ឌដង្កោ ។

ភ្លាមៗ នោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ២ នាក់ ម្នាក់ឈ្មោះ CHEN CONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM2676 148 នៅត្រង់ចំណុច អគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សារនារីរងគ្រោះ) និងម្នាក់ឈ្នោះ LI HAOHAO ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EB2013601 ឃាត់ខ្លួននៅត្រង់ស្ពានអាកាស សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ ហើយជនសង្ស័យក៏បានសារភាពថា ពួកគេពិត ជាបានចូលរួមក្នុងសកម្មភាពសម្លាប់នារីរងគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិនដូចគ្នា កាន់លិខិតឆ្លងដែន EL4710161 (រត់គេចខ្លួន) ជាអ្នករៀបចំគម្រោងសម្លាប់នារីរងគ្រោះ ដោយមូលហេតុនារីរងគ្រោះបាន ដឹងរឿងសង្ងាត់របស់ពួកគេ ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។ ជនង្ស័យទាំងពីរនាក់និងវត្ថុតាងដកហូត ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចនៅតែបន្តការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាមេខ្លោងរៀបគំរោងសម្លាប់ជនរងគ្រោះនោះនៅឡើយទេ បើទោះបីពេលនេះជនសង្ស័យកំពុងព្យាយាមគេចខ្លួនយ៉ាងណាក៏ដោយ ។ 

នៅពេលសមត្ថកិច្ចបញ្ជូនជនសង្ស័យទៅតុលាការ ក៏មានការបែក ធ្លាយព័ត៌មានថា ការពិតករណីឃាតកម្មលើនារីខ្មែរម្នាក់ ដែលជាសង្សារជនជាតិចិននោះ គឺជនសង្ស័យជាឃាតកសម្លាប់ជនរងគ្រោះបំបិតមាត់ ព្រោះខ្លាចជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ច អំពីសមាសភាពពួកគេជាក្រុមឧក្រិដ្ឋជនចាប់ជម្រិតទារប្រាក់ ។ ប្រភពបន្តថា ជនសង្ស័យម្នាក់ក្នុងចំណោម២ នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងម្នាក់ទៀតជាមេខ្លោង (កំពុងគេចខ្លួន) មុននេះពួកគេទាំងពីរនាក់ បានចាប់ជនជាតិចិនម្នាក់ដែលជាសង្សារនារីខ្មែរ(ជនរងគ្រោះ)យកទៅបង្ខាំងទុកធ្វើទារុណកម្មជម្រិតទារ ប្រាក់បានដោយជោគជ័យ បន្ទាប់មកក៏ត្រូវបានដោះលែងជនរងគ្រោះវិញ ជាថ្នូរដោយដាក់លក្ខណ្ឌជាកំហិតទៅលើជនរងគ្រោះមិនឲ្យបែកការណ៍ ឬរាយការទៅសមត្ថកិច្ចថា ពួកគេជាក្រុមឧក្រិដ្ឋ ជនចាប់ជម្រិតទារប្រាក់នោះឡើយ ដែលនេះក៏ជាការដោះដូរក្នុងការទុកជីវិតឲ្យជនរងគ្រោះ ពោលគឺមិនសម្លាប់ចោល ។ ប៉ុន្តែក្រោយមកដោយជនសង្ស័យមិនទុកចិត្តនារីខ្មែរសង្សារចិនម្នាក់នោះ ទើបមេខ្លោងបានរៀបគំរោងសម្លាប់ជនរងគ្រោះដើម្បីបំបិតមាត់ ព្រោះមិនទុកចិត្តខ្លាចជនរងគ្រោះ ធ្វើឲ្យបែកធ្លាយរឿងអាស្រូវរបស់ពួកគេ ដែលធ្លាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ពាក់ព័ន្ធអំពើចាប់ជម្រិតទារប្រាក់ ល្បែងពាលាអនឡាញស៊ីសងខុសច្បាប់ ថ្ងៃណាមួយមិនខាន ដូច្នោះទើបបានពួកគេសម្លាប់ជនរងគ្រោះចោល ។ ការសម្លាប់ជនរងគ្រោះនោះទៀតសោធន៍ ជនសង្ស័យជាឃាតកបានធ្វើទារុណកម្ម ចងស្លាបសេកទៅក្រោយ ហើយវាយដំលើក្បាលបែកជាំជាច្រើនកន្លែង និងយកប៉ែលសម្រាប់ជីករណ្តៅកប់សាកសពវាយកំប៉េះគូទនិងខ្ទប់ផ្លូវដង្ហើបជនរងគ្រោះរហូតដល់ស្លាប់ រួចដោះសម្លៀកបំពាក់ននលគក ហើយដឹកសាកសពយកទៅកប់ដីខ្សាច់ក្បែរផ្សារទំនើបអុីអន៣។ មូលហេតុដែលឃាតកដោះសម្លៀកបំពាក់ជនរងគ្រោះចេញពីខ្លួនទាំងអស់មុនយកសាកសពទៅកប់នោះ គឺគោលបំណងចង់បំបាត់ភស្តុតាងមិនឲ្យគេស្គាល់ និងដើម្បីឲ្យសពឆាប់ស្អុយរលួយកុំឲ្យសាច់ញាតិស្គាល់ ៕

ដោយ រ៉ារ៉ា

 


ចែករំលែក៖