ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី ជំងឺមហារីកសុដន់៖ រោគសញ្ញា កត្តាហានិភ័យ និងវិធីបង្ការ!

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺមហារីកសុដន់ គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរដែលកើតឡើងដោយសារកោសិកានៅក្នុងសុដន់មានការប្រែប្រួលខុសធម្មតា។ 

តាមការសិក្សាជាច្រើនបានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម ៨នាក់ អាចកើតជំងឺនេះក្នុងជីវិតរបស់ពួកគេ។ ជំងឺនេះអាចរាលដាលទៅផ្នែកផ្សេងៗនៃរាងកាយ ប្រសិនបើមិនត្រូវបានព្យាបាលទាន់ពេលវេលា។

ប្រភេទនៃជំងឺមហារីកសុដន់

១. មហារីកដែលកើតពីបំពង់ទឹកដោះ (Ductal Carcinoma)

   – ជាប្រភេទដែលកើតឡើងនៅក្នុងបំពង់ទឹកដោះ ដែលជាផ្លូវដឹកជញ្ជូនទឹកដោះ។

   – ប្រភេទនេះគឺជាប្រភេទដែលជួបប្រទះញឹកញាប់បំផុត (ប្រហែល ៨០% នៃករណីមហារីកសុដន់)។

២. មហារីកដែលកើតពីកោសិកានៃកន្លែងផលិតទឹកដោះ (Lobular Carcinoma)

   – ជាប្រភេទដែលកើតឡើងនៅក្នុងកោសិកាផលិតទឹកដោះ។

   – ប្រភេទនេះអាចពិបាកកំណត់អត្តសញ្ញាណជាងប្រភេទដទៃទៀត ព្រោះវាមិនតែងតែបង្កើតជាដុំ។

កត្តាហានិភ័យនៃជំងឺមហារីកសុដន់

១. ប្រវត្តិក្រុមគ្រួសារ

   – ប្រសិនបើមានសមាជិកក្រុមគ្រួសារ (ដូចជា ម្តាយ បងស្រី ឬប្អូនស្រី) ដែលមានជំងឺនេះ ហានិភ័យនឹងកើនឡើង។

   – កត្តាហ្សែន (ដូចជា BRCA1 និង BRCA2) អាចបង្កើនហានិភ័យយ៉ាងខ្លាំង។

២. លើសទំងន់ ឬធាត់

   – អ្នកដែលមានលើសទំងន់ ជាពិសេសបន្ទាប់ពីអស់រដូវ អាចប្រឈមមុខនឹងហានិភ័យខ្ពស់។

៣. របបអាហារ

   – ការបរិភោគអាហារដែលសំបូរជាតិខ្លាញ់ និងការខ្វះអាហារមានជាតិពីរ៉ោន អាចបង្កើនហានិភ័យ។

៤. ការប្រើគ្រឿងស្រវឹង

   – ការផឹកគ្រឿងស្រវឹងច្រើន អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកសុដន់។

៥. ការប្រើអ័រម៉ូន

   – ការប្រើថ្នាំអ័រម៉ូនរយៈពេលយូរ (លើសពី ១០ឆ្នាំ) អាចបង្កើនហានិភ័យ។

៦. កត្តាផ្សេងៗ

   – មិនមានកូន ឬមានកូនដំបូងនៅអាយុច្រើនជាង ៣០ ឆ្នាំ។

   – មិនបំបៅដោះកូន។

   – មានរដូវដំបូងមុនអាយុ ១២ ឆ្នាំ ឬអស់រដូវក្រោយអាយុ ៥៥ ឆ្នាំ។

រោគសញ្ញានៃជំងឺមហារីកសុដន់

១. ការប្រែប្រួលទំហំ និងរាងសុដន់។

២. ការឈឺចាប់នៅសុដន់។

៣. ស្បែកសុដន់ប្រែប្រួល (ក្រហម ហើម ឬមានរាងដូចសំបកក្រូច)។

៤. ការចេញឈាម ឬទឹករងៃពីក្បាលសុដន់។

៥. ការមានដុំស្អិតនៅក្នុងសុដន់។

៦. ក្បាលសុដន់លឹបចូលក្នុង។

៧. ការហើមនៃកូនកណ្តុរក្រោមក្លៀក។

វិធីធ្វើរោគវិនិច្ឆ័យ

១. ការពិនិត្យសុដន់ដោយខ្លួនឯង៖ ការពិនិត្យសុដន់ជាប្រចាំដើម្បីស្វែងរកដុំសង្ស័យ។

២. ការថតរូបសុដន់ (Mammography)៖ ការថតរូបដោយប្រើកាំរស្មី X-ray ដើម្បីពិនិត្យមើលកោសិកាខុសធម្មតា។

៣. ការពិនិត្យដោយប្រើអេកូ (Ultrasound)៖ ការពិនិត្យដោយប្រើរលកសំលេងដើម្បីវិភាគរចនាសម្ព័ន្ធសុដន់។

៤. ការច្របាច់យកជាតិសាច់ (Biopsy)៖ ការយកជាតិសាច់ពីដុំសង្ស័យទៅពិនិត្យ។

៥. ការថតរូបដោយប្រើម៉ាស៊ីន MRI ឬ CT Scan៖ ការថតរូបដោយប្រើបច្ចេកវិទ្យាទំនើប។

វិធីបង្ការជំងឺមហារីកសុដន់

១. ការពិនិត្យសុដន់ជាប្រចាំ៖ ចាប់ពីអាយុ ៣៥ ឆ្នាំឡើង។

២. រក្សាទំងន់ឱ្យនៅស្តង់ដា៖ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។

៣. កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងការជក់បារី។

៤. កាត់បន្ថយការប្រើអ័រម៉ូនរយៈពេលយូរ។

៥. បំបៅដោះកូន៖ បំបៅដោះកូនរយៈពេលពី ១.៥ ទៅ ២ឆ្នាំ។

អ្វីដែលត្រូវធ្វើប្រសិនបើមានរោគសញ្ញា៖

ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើ សូមទាក់ទងគ្រូពេទ្យភ្លាមៗ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា។ នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖