ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នានាពីកន្លែងកើតហេតុនារសៀលថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗនៅនឹងកន្លែង និង១នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។
ប្រភពរាយការណ៍ឱ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សរងរបួសនិងស្លាប់ខាងលើ បានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែត្រង់ចំណុចផ្លូវកោងខ្លាំង(អំពិលផ្អែម)ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលឲ្យដឹងទៀតថា មុនដំបូងគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H-8548 ធ្វើដំណើររួមគ្នាចំនួន០២នាក់ មានល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានដួលដោយខ្លួនឯង ធ្វើឲ្យអ្នករួមដំណើរហោះចូលក្រោមរថយន្តបែនដឹកដី គ្រាដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរថយន្តកិនស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរម៉ូតូរងរបួសយ៉ាងដំណំផងដែរ។ ចំពោះអ្នកបើកបររថយន្តឃើញហេតុការណ៍បែបនេះក៏រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពបញ្ជាក់ថា រថយន្តបែនកិនមនុស្សស្លាប់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2367 ។ ភាគីបើកបរម៉ូតូរងរបួសឈ្មោះ កាក់ ប៉ាន់ណារ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ(ស្លាប់)ឈ្មោះ លី ចាន់ហាយ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំជាមួយគ្នា ។ សពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំបន្តនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច