ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបើកបរលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលភ្លើងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសម្នាក់បេីករថយន្តព្រូសលឿនខ្វះការប្រុងប្រយ័ត្ន នៅផ្លូវកោងបួងមិនផុត ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើមរងការខូចខាត។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ទីតាំងកើតហេតុស្ថិតនៅផ្លូវកោង លេខ១៩២៨ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT-4627 បើកបរដោយបុរសជនជាតិបរទេសម្នាក់ រួមដំណើរដោយជនបរទេស៧នាក់ទៀត ធ្វេីដំណេីរពីកើតទៅលិច តាមផ្លូវសម្ដេចជាសុីម លុះមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ រហូតជ្រុលទៅបុកបង្គោលភ្លើងមួយដើមទាំងកំរោល បណ្តាលឲ្យបាក់ទ្រេតបង្គោលភ្លើង។ 

ចំណែករថយន្តត្រូវបានរងការខូចខាតមួយកំណាត់មុខ មិនអាចបន្តដំណើរទៅមុខរួច ខណៈមនុស្សនៅក្នុងរថយន្ត រងរបួសធ្ងន់ស្រាល។ 

ក្រោយបង្ករួច គេឃើញជនបរទេសនៅក្នុងរថយន្ត បានហៅតាក់ស៉ីមកដឹកយកគ្នាទាំងអស់ ទៅព្យាបាលរបួសភ្លាមៗ បន្សល់ទុករថយន្តខាងលើនៅកន្លែងកើតហេតុ ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖