ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនទទួលស្គាល់ថាគ្មានសមត្ថភាពយកទឹកដីទាំងអស់មកវិញឡើយ

ចែករំលែក៖

សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ សម្រាប់ពេលឥឡូវនេះ ហើយក្តីសង្ឃឹមដើម្បីអាចយកទឹកដីទាំងនោះមកវិញ គឺមានតែអាស្រ័យលើមធ្យោបាយការទូត នៅពេលអនាគតប៉ុណ្ណោះ។
មន្រ្តីខាងលើដែលសុំមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងថា «ប្រសិនបើអ្នកនិយាយពីស្ថានភាពជាក់ស្តែងដែលថាអ៊ុយក្រែនមិនអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញនាពេលនេះដោយប្រើប្រាស់កម្លាំងយោធា ប្រាកដណាស់គឺយើងយល់អំពីរឿងនេះ។ ពួកយើងដឹងច្បាស់ថា ទឹកដីមួយចំនួនរបស់យើង នឹងត្រូវការយកមកវិញតាមរយៈមធ្យោបាយការទូត ដែលត្រូវចំណាយពេលយូរ»។ យ៉ាងណាមិញ មន្រ្តីរូបនោះបានសង្កត់ធ្ងន់ថា ទីក្រុងកៀវនឹងមិនទទួលស្គាល់សិទ្ធិរបស់ទីក្រុងមូស្គូ លើទឹកដីរបស់អ៊ុយក្រែនឡើយ។
បើតាមមន្រ្តីដដែល គឺមិនមានការនិយាយអំពីសម្បទានទឹកដីអ៊ុយក្រែនណាមួយឡើយ អំឡុងកិច្ចពិភាក្សានៅទីក្រុង Jeddah កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រវាងក្រុមមន្រ្តីអ៊ុយក្រែន នឹងអាមេរិក ដែលអំឡុងពេលនោះ ទីក្រុងកៀវបានបង្ហាញឆន្ទៈទទួលយក បទឈប់បាញ់បណ្តោះអាសន្ន រយៈពេល៣០ថ្ងៃ ដែលស្នើឡើងដោយទីក្រុងវ៉ាស៉ីនតោន ប្រសិនបើទីក្រុងមូស្គូ យល់ស្របចំពោះគំនិតនោះ។
បច្ចុប្បន្ន កងកម្លាំងរុស្ស៉ីកំពុងគ្រប់គ្រងប្រមាណជិត២០ភាគរយនៃទឹកដីទាំងអស់របស់អ៊ុយក្រែន គិតចាប់តាំងតែពីសង្រ្គាមឈ្លានពានរបស់ខ្លួន បានផ្ទុះឡើងកាលពីជាង៣ឆ្នាំមុន៕ ដោយ៖ ធីរីណា

រូបថត​៖ Tass


ចែករំលែក៖