ភ្នំពេញ ៖ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានពន្យល់អំពីអតុល្យភាពជញ្ជីងពាណិជ្ជកម្ម រវាងការនាំចូលទំនិញមានទំហំទឹកប្រាក់ ២៦ ពាន់លានដុល្លារ រីឯការនាំចេញពីប្រទេសកម្ពុជាទៅបរទេសមាន ២៨ ពាន់លានដុល្លារ។ ការពន្យល់នេះ បន្ទាប់ពីក្រុមជ្រុលនិយមនៅបរទេសដែលតាំងខ្លួនជាគ្រូសេដ្ឋកិច្ច តែងបានលើកការប្រៀបធៀបអំពីអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្ម ពីប្រទេសកម្ពុជាទៅប្រទេសមួយផ្សេងទៀត ឬពីកម្ពុជាទៅប្រទេសនេះ ប្រទេសនោះ ។
នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ថ្ងៃទី ១៤ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅលើពភពលោកនេះ កម្រណាស់ដែលអាចធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មស្មើគ្នានោះទេ ។ សម្តេចពន្យល់ថា៖« មូលហេតុងាយយល់ ឧទាហរណ៍ យើងជាមួយសហរដ្ឋអាមេរិក យើងនាំចេញទៅសហរដ្ឋអាមេរិកច្រើនជាងនាំចូលពីអាមេរិក។ ប្រជាជនអាមេរិកមានជាង ៣០០លាននាក់ ដែលមានតម្រូវការខ្ពស់ យើងនាំទៅអាមេរិកមានចំនួនធំ ប៉ុន្តែពេលដែលយើងនាំពីអាមេរិកមកវិញ ក៏មានទំហំតូច ដោយប្រជាជនមានត្រឹម ១៧លាននាក់»។
ងាកត្រឡប់ទៅពាណិជ្ជកម្មកម្ពុជាជាមួយថៃ សម្តេចបានថ្លែងថា ទំហំសរុបនៃការនាំចេញរវាងថៃ និងកម្ពុជា គឺមានទឹកប្រាក់ ១០ពាន់លានដុល្លារ ប៉ុន្តែកម្ពុជានាំចូលពីថៃច្រើនជាងនាំចេញពីកម្ពុជាទៅ តើមូលហេតុអ្វីទៅ ? មូលហេតុយើងមានតម្រូវការផ្គត់ផ្គង់ពីថៃចូលមកបម្រើតម្រូវការនៃការសាងសង់ ឬការប្រើប្រាស់នៅកម្ពុជាដូចជាប្រេងឥន្ធនៈ ឬសម្ភារផ្សេង។ ចំណែកទំហំពាណិជ្ជកម្មជាមួយនឹងវៀតណាមមានជាង ១០ពាន់លានដុល្លារ មានប្រហាក់ប្រហែលគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ត្រូវយល់ដឹងឲ្យបានច្បាស់រវាងកម្ពុជា និងចិន កម្ពុជានាំចេញទៅកាន់ប្រទេសចិនមានចំនួនតិចជាង កម្ពុជា នាំចូលពីប្រទេសចិនមកវិញ ដោយសារតែនៅកម្ពុជា ត្រូវការប្រើប្រាស់វត្ថុធាតុដើម ដែលនាំចូលពីប្រទេសចិន ពិសេសសាច់ក្រណាត់ ដើម្បីបម្រើឲ្យរោងចក្រកាត់ដេរនៅកម្ពុជា ហើយតាមរយៈរោងចក្រកាត់ដេរទាំងនោះ បានកាត់ដេរវត្ថុធាតុដើម ដែលបាននាំចូលពីប្រទេសចិន ដើម្បីនាំចេញទៅប្រទេសក្រៅ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនបានចូលរួមចំណែកដល់កម្ពុជា ដែលបានផ្គត់ផ្គងវត្ថុធាតុដើម សម្រាប់ផលិតកម្មបម្រើឲ្យការនាំចេញ ដូច្នេះអ្នកសេដ្ឋកិច្ចមិនមែនសេដ្ឋកិច្ច ឬអ្នកសេដ្ឋកិច្ចប៉ុន្ដែចូលនិយមនៃ ការបង្អាប់ជនជាតិឯង វាមិនមែនជាមនុស្សទេបើប្រៀបធៀបទៅវាគឺជាសត្វ ។
សម្ដេចបានបញ្ជាក់បន្ថែមថា «អ្វីដែលជាគោលដៅធំបំផុតរបស់ខ្ញុំ ខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋ១៧លាននាក់ ក្នុងប្រទេសឲ្យយល់ថា អ្វីទៅជាជញ្ជីងពាណិជ្ជកម្ម មូលហេតុអ្វីបានជាតុល្យាភាពពាណិជ្ជកម្មមានការខុសគ្នា រវាងការនាំចេញរបស់កម្ពុជា និងប្រទេសខ្លះក្នុងក្របខណ្ឌអាស៊ាន ដោយការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសនោះច្រើនជាង ពីការនាំចេញពីប្រទេសនោះមកកាន់ប្រទេសយើង ជាក់ស្ដែងការនាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី គឺមានចំនួនច្រើនជាងការនាំ ពីម៉ាឡេស៊ីមកកម្ពុជា»។
សម្ដេចតេជោបានបន្ដថា ដូច្នេះនេះហើយជាក្រិតក្រមកម្ពុជា រវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់ ប្រសិនបើអ្នកឯងមិនយល់អំពីបញ្ហានេះ អ្នកកុំតាំងខ្លួនធ្វើជាបញ្ញាវន្ដសេដ្ឋកិច្ច ឬចង់ក្លាយជាមេដឹកនាំ។ សូមបញ្ជាក់ថា ពីប្រទេសមួយពឹងផ្អែកលើការនាំចូលដើម្បីចញ្ចឹមខ្លួន ក្លាយទៅជាប្រទេសមួយដែលផលិតសម្រាប់ការនាំចេញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីទំហំពាណិជ្ជកម្មរបស់កម្ពុជាសរុបមានប្រមាណ៥៦ពាន់លានដុល្លារ ប៉ុន្ដែទំហំនាំចេញរបស់កម្ពុជាកើនឡើងជាង២៦ពាន់លានដុល្លារ ក្នុងពេលដែលការនាំចូលមាន២៨ពាន់លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឥឡូវនេះមានប្រមាណ១០ពាន់លានដុល្លារ ដោយមានអត្រាប្រហាក់ប្រហែលគ្នាច្រើន ដោយសារតែកម្ពុជាក៏មានសមត្ថភាពនាំចេញទៅប្រទេសវៀតណាម ដែលកាលមុននេះយើងនាំចូលពីវៀតណាម ច្រើនជាងការនាំចេញទៅវៀតណាមច្រើនណាស់ តែឥឡូវនេះដោយសារតែការប្រឹងប្រែង យើងមានតុល្យាភាពស្ទើរតែស្មើគ្នា៕
ដោយ ៖ សិលា