ខេត្តកំពង់ស្ពឺ៖ នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវិបស្សនាស្តីពី «ការបូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន»ដែលរៀបចំដោយអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។
ក្នុងប្រសាសន៍បើកអង្គពិធី ឧបនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់ថា “អង្គវិបស្សនានារសៀលនេះ ជាឱកាសជួបជុំចែករំលែកបទពិសោធ និងការវិភាគលើមធ្យោបាយ ដើម្បីជាដំណោះស្រាយបន្ថែម ទៅលើការអនុវត្តវិធាន ការគន្លឹះទី១ ពិសេសការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន ១៦ក្របខណ្ឌ ស្មើនឹង ៤២លើកកន្លងមក។” ការពិគ្រោះយោបល់គ្នានេះរៀប ចំ ឡើងដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តវិធានការគន្លឹះទី១ ស្របទៅតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងជ្រើស រើសមន្ត្រីរាជការស៊ីវិល ឱ្យមានប្រសិទ្ធភាព ថែរក្សាបាននូវគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដើម្បីធានាថាប្រជាជនវ័យក្មេង និងយុវជន យុវនារី ដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល មានឱកាសស្មើៗគ្នា” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។
កម្មវិធីនារសៀលនេះ មានការធ្វើរបាយការណ៍ចេញពីក្រុមពិភាក្សាចំនួន ៤ក្រុម ជូនឧបនាយករដ្ឋមន្ត្រី និងអង្គវិបស្សនា អំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ពីសមាជិក សមាជិកាគណៈកម្មការប្រឡង ប្រជែង និងអនុគណៈកម្មការនានា ព្រមទាំងការកំណត់វិធីសាស្ត្រ និងរបៀបរបបការងារឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ដើម្បីកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៕
ដោយ៖ សូរិយា