ព័ត៌មានទាន់ហេតុការណ៍៖

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកជ្រោយប្រស់២ ក្នុងភូមិសាស្រ្តខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ នៅថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់អាងទឹកជ្រោយប្រស់២ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

 បើតាមលោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា ការងារសំខាន់ៗ របស់ គម្រោងជួសជុលទំនប់អាងទឹកជ្រោយប្រស់២ រួម មាន៖ 

១) ជួសជុលទំនប់អាងទឹកចំនួន ២ខ្សែ ប្រវែងសុប ១១៤០ម៉ែត្រ ។

និង ២)ជួសជុល និងសាងសង់សំណង់សិល្បការ្យ ចំនួន ៥កន្លែង។ 

គិត រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៩០% នៅសល់ការងារសម្អាត និងដាក់ទ្វារទឹក ហើយគ្រោងបញ្ចប់ការងារនៅដើមខែមេសា ខាងមុខនេះ។

 ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា គម្រោង ទំនប់អាងទឹកនេះអាចមានសក្តានុពល ស្តុកទឹកសាបបានប្រមាណពី ៣លាន ម៉ែត្រគូប ទៅ៤លាន ម៉ែត្រគូប ជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ២៥០ហិកតា រដូវប្រាំងចំនួន ៣០ហិកតា និងដំណាំរួមផ្សំចំនួន ៣០០ហិកតា ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណ ៣៨៣គ្រួសារ ក្នុងភូមិចំនួន២ នៃឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង៕

ដោយ ៖ សិលា


ចែករំលែក៖