សេតវិមានបានច្រានចោលការអំពាវនាវឱ្យប្រគល់រូបសំណាកសេរីភាពវិញ ដោយនិយាយថា ប្រទេសបារាំង “នឹងនិយាយភាសាអាឡឺម៉ង់” ប្រសិនបើខ្លួនមិនបានទទួលការគាំទ្រពីសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមលោកលើកទីពីរនោះទេ។អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី 17 ខែមីនា នៅពេលសួរអំពីលទ្ធភាពដែលសហរដ្ឋអាមេរិកប្រគល់រូបសំណាកសេរីភាពដល់ប្រទេសបារាំងវិញថា “ពិតជាមិនអាចកើតឡើងឡើយ ” ។
ការអត្ថាធិប្បាយរបស់លោកស្រី Leavitt ធ្វើឡើងបន្ទាប់ពីលោក Raphael Glucksmann សមាជិកសភាអឺរ៉ុបរបស់បារាំងបាននិយាយកាលពីថ្ងៃទី ១៦ ខែមីនាថា បារាំងគួរតែយករូបសំណាកសេរីភាពវិញ ព្រោះសហរដ្ឋអាមេរិកលែងតំណាងឱ្យតម្លៃនៅពេលដែលប៉ារីសផ្តល់អំណោយដល់ទីក្រុងវ៉ាស៊ីនតោន។ លោកបានចោទអាមេរិកថា «ហាក់ដូចជាមិនគោរពរូបសំណាក»។
លោកស្រី Leavitt បន្តថា៖ «ដំបូន្មានរបស់ខ្ញុំចំពោះអ្នកនយោបាយបារាំងកម្រិតទាបដែលមិនស្គាល់ច្បាស់គឺត្រូវចាំថា អរគុណដល់អាមេរិក បារាំងមិនចាំបាច់និយាយភាសាអាល្លឺម៉ង់ទេ ដូច្នេះពួកគេគួរតែដឹងគុណចំពោះប្រទេសដ៏អស្ចារ្យរបស់យើង»។
កាសែត New York Post បានពណ៌នាអ្នកយកព័ត៌មានមួយចំនួនថាមានការភ្ញាក់ផ្អើលនៅពេលដែលលេខាធិការសារព័ត៌មានសេតវិមានបានលើកឡើងពីសង្គ្រាមលោកលើកទី 2 នៅពេលដែលប្រទេសបារាំងត្រូវបានកាន់កាប់ដោយពួកណាស៊ីអាល្លឺម៉ង់នៅក្នុងទឹកដីជាច្រើន។
រូបសំណាកសេរីភាពត្រូវបានសម្ពោធនៅថ្ងៃទី 28 ខែតុលា ឆ្នាំ 1886 នៅកំពង់ផែទីក្រុងញូវយ៉ក ដែលជាអំណោយពីប្រជាជនបារាំងដល់សហរដ្ឋអាមេរិក។ រូបសំណាកនេះមានកំពស់ 46 ម៉ែត្រ ពាក់មកុដមាន 7 spikes ជានិមិត្តរូបនៃព្រះអាទិត្យរះលើពិភពលោក កាន់បន្ទះថ្មដែលឆ្លាក់ដោយកាលបរិច្ឆេទនៃឯករាជ្យរបស់អាមេរិកជាលេខរ៉ូម៉ាំង និងច្រវ៉ាក់ដែលបាក់នៅលើជើងខាងឆ្វេង ដែលជានិមិត្តរូបនៃការលុបបំបាត់ទាសភាពនៅអាមេរិក។
យោងតាម Politico បារាំងមិនអាចយករូបសំណាកសេរីភាពមកវិញតាមអំពើចិត្តបានទេ ព្រោះវាជាកម្មសិទ្ធិរបស់រដ្ឋាភិបាលអាមេរិក។ ទង្វើបែបនេះនឹងបង្កើនភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី៕ ដោយ៖ ធីរីណា
រូបថត៖ Reuters