ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ Monash College នៃប្រទេសអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនៃមហា វិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី ដឹកនាំដោយលោក Fabian MARRONE Interim CEO, Monash College ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ក្នុងឱកាសនៃជំនួបនេះ Interim CEO, Monash College បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ភាគីកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំឱ្យមានជំនួបប្រកបដោយសារៈសំខាន់នេះ ដើម្បីពិនិត្យពិភាក្សាឈានទៅចាប់ផ្តើមកិច្ចសហប្រតិបត្តិការនានា ក្នុងភាពជាដៃគូលើវិស័យអប់រំរវាង Monash College និងសាកលវិទ្យាល័យជាច្រើនរបស់កម្ពុជា តាមរយៈការសម្របសម្រួលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ 

ជាមួយគ្នានេះដែរ Interim CEO បានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅនៃសាកលវិទ្យាល័យ Monash ដែលជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយកម្រិតអន្តរជាតិ មានអាយុប្រមាណ ៦០ឆ្នាំមកហើយនៅប្រទេសអូស្ត្រាលីមានការទទួលស្គាល់លើគុណភាពនៃការសិក្សា ស្រាវជ្រាវ ការអប់រំ និងសហគ្រិនភាពប្រកបដោយភាពច្នៃប្រឌិត និងបានគូសបញ្ជាក់ពីសំណើរគម្រោងកិច្ចសហប្រតិបត្តិការ (Partnership Possibility) ជាមួយសាកលវិទ្យាល័យនៅកម្ពុជា ក្នុងភាពជាដៃគូផ្តល់កម្មវិធីសិក្សារយៈពេលវែង និងខ្លី ដំណើរទស្សនកិច្ចសិក្សា Exchange program សិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនរួមគ្នា និងជំនាញចាំបាច់ជាច្រើនទៀតឆ្លើយតបនឹងយុទ្ធសាស្ត្រលើកកម្ពស់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសាកលវិទ្យាល័យដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង និងបានចែករំលែកពីវឌ្ឍនភាពនៃប្រព័ន្ធអប់រំ និងសេដ្ឋកិច្ចនៅកម្ពុជា ដោយបានគូសបញ្ជាក់ពីការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិ្មត ដែលកំពុងធ្វើឱ្យមានបម្រែបម្រួលខ្លាំងទៅលើការអប់រំ និងទីផ្សារការងារជាសាកល ដែលក្នុងនោះកម្ពុជាក៏ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការប្រែប្រួលនេះ ព្រមទាំងបានផ្តល់អនុសាសន៍ដល់ភាគី Monash College ឱ្យពិនិត្យលទ្ធភាពដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យរដ្ឋនៅកម្ពុជា។

តាងនាមក្រសួងអប់រំ យុវជននិងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិ បត្តិការរបស់ភាគី Monash College ជាមួយសាកលវិទ្យាល័យកម្ពុជា ដើម្បីផ្តល់ឱកាសកាន់តែច្រើន និងសម្បូរបែបដល់និស្សិតកម្ពុជាក៏ដូចជាការសម្របសម្រួល ដល់និស្សិតកម្ពុជាឱ្យមានឱកាសទៅបន្តការ សិក្សានៅប្រទេសអូស្ត្រាលី ឆ្លើយតបនឹងយុទ្ធសាស្ត្រ អភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

ដោយ៖ សូរិយា


ចែករំលែក៖