ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅដឹព្រីមៀរ សេនធ័រសែនសុខ រាជធានីភ្នំពេញ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើការដឹកនាំ គ្រប់គ្រងវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមានតួនាទីជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ដើម្បី ដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈគឺ៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ឱ្យចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មសា្ថប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព និង(៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ក្រសួងមុខងារសាធារណៈសម្រេចបានសមិទ្ធផលនាពេលកន្លងមក អាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាង គឺ៖ ទី១.កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងការតម្រង់ទិសជាប្រចាំនិង ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទី២.កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមាន ចក្ខុវិស័យ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធ ការងារល្អ និងជាពិសេសមានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋានអភិក្រមបុរេសកម្មយោគយល់ អធ្យាស្រ័យ និងសហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវថដថថថថថថថវខ្ពស់ទៅតាមជំនាញ និងភារកិច្ចរៀងៗខ្លួន។
ទី៣.កត្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការ សម្របសម្រួល និងគាំទ្រ ឈរលើអភិក្រម«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ឈានទៅសម្រេចសមិទ្ធផល ដែលជាគោលបំណងរួមគ្នា ក្នុងប្រយោជន៍ នៃការកសាងរដ្ឋបាលសាធារណៈទំនើបរបស់កម្ពុជា៕
ដោយ៖ សូរិយា