ព័ត៌មានទាន់ហេតុការណ៍៖

ស្វាព្រាម សម្បូររស់នៅ នៅប៉ែកខាងកើតនៃប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia)បានឱ្យដឹងថាស្វាព្រាមជាប្រភេទស្ថិតក្នុងអម្បូរស្វា និងសម្បូររស់នៅ នៅប៉ែកខាងកើតនៃប្រទេសកម្ពុជា។ ស្វាព្រាមចូលចិត្តរត់លេងក្បែរមាត់ទន្លេ ឬប្រភពទឹក ដែលធ្វើឱ្យទីជម្រករបស់ពួកគេកាន់តែមានភាពទាក់ទាញ។

ក្នុងការចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានឱ្យដឹងថាស្វាព្រាម មានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតាមរយៈការស៊ីផ្លែឈើ និងស្លឹករុក្ខជាតិ។ នៅពេលស៊ីចំណី គ្រាប់ពូជជ្រុះពង្រាយលើដី ក្រោយមកគ្រាប់ពូជនឹងដុះចេញជាកូនឈើពាសពេញព្រៃ។ពួកវាពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារព្រៃឈើឡើងវិញ។ 

គួរបញ្ជាក់ថាស្វាព្រាមចូលចិត្តរស់នៅតាម ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង។ ពួកវារស់នៅលើដើមឈើ ហើយអាចចុះដីម្តងម្កាលដើម្បីរត់លេង និងស៊ីដីច្រាបមានសារធាតុខនិជ។ ចំណីអាហាររបស់វាមានត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ វារស់នៅជាក្រុមដែលមានចំនួនពី១០-៤០ក្បាល ឬច្រើនជាងនេះ ហើយជួនកាលពួកនេះក៏រស់នៅក្នុងដែនព្រៃរួមគ្នាជាមួយទោចដែរ។ វាជាសត្វចូលចិត្តភាពស្ងៀមស្ងាត់បំផុត។ វាកើតកូនក្នុងអំឡុងខែធ្នូ រហូតដល់ខែឧសភា។

ជាមួយគ្នានេះ ស្វាព្រាមមានពណ៌ខ្មៅប្រផេះពាសពេញលើដងខ្លួន។ ផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំខ្ពស់ ហើយកាន់តែវែងទៅៗចំពោះស្វាចាស់។ កូនស្វានៅតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់ទេ។ នៅពេលពេញវ័យ វាប្រែពណ៌រោមជាប្រផេះ ដែលដុះលាតសន្ធឹងរាលដល់ប្រអប់ជើង និងកន្ទុយ ហើយការប្រែពណ៌នេះចាប់ផ្តើមក្រោមអាយុ៣ខែ។ 

លើសពីនេះ ពួកវាមានពណ៌ប្លែកគ្នាជាច្រើនអាស្រ័យតាមតំបន់ដូចជាតំបន់ក្បែរមាត់ទន្លេ ឬស្ទឹង តំបន់វាលភក់ តំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោងជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖