ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដឹកនាំដោយ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (Japan- Cambodia Association) និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធនៃសមាគមជប៉ុន-កម្ពុជា និងវិទ្យាស្ថានភាសា AIWAនៃប្រទេសជប៉ុន។
ក្នុងឱកាសនេះ ប្រធានសមាគមជប៉ុន-កម្ពុជា បានបង្ហាញសេចក្តីរីករាយដែលមានឱកាសចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីបង្កើនគុណភាពអប់រំ និងឱកាសការងារក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងពីចក្ខុវិស័យរបស់ វិទ្យាស្ថានភាសា AIWA នៃប្រទេសជប៉ុន ដែលមាន បំណងចង់បង្កើតសាលារៀនក្នុងរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់វិស័យអប់រំ និងជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សកម្ពុជា អាចស្វែងរកការងារដែលប្រាក់ខែល្អសមរម្យក្នុងក្រុមហ៊ុនជប៉ុន ទាំងក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសជប៉ុនផ្ទាល់ ព្រមទាំងបានសុំអនុសាសន៍ និងគំនិតផ្តួចផ្តើមនានារបស់បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងការសម្រេចនូវគោលដៅនេះឱ្យទទួលបានប្រសិទ្ធភាព។
ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់ទីក្រុងភ្នំពេញរបស់គណៈប្រតិភូ JCA និងវិទ្យាស្ថានភាសា AIWA ព្រមទាំងបានចែករំលែក និងពន្យល់ពីដំណើរការនៃការបើកសាលារៀនក្នុងប្រទេសកម្ពុជាដល់គណៈប្រតិភូ ដែលមានលក្ខន្តិកៈមួយចំនួនដែលត្រូវអនុវត្តតាម និងបានផ្តល់ជម្រើសប្រភេទសាលារៀនក្នុងការជ្រើសរើស ដូចជាការបើកសាលាជាលក្ខណៈឯកជនផ្ទាល់ ឬអាចចាប់ផ្ដើមពីការសហការជាមួយសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងភ្នំពេញជាដើម។ ជាមួយនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើក ឡើងថា ការបើកវិទ្យាស្ថានភាសា AIWA នៅរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងរបស់វិទ្យាស្ថាន AIWA និងសមាគមជប៉ុន-កម្ពុជា គឺជាជំហានដ៏សំខាន់មួយក្នុងការផ្តល់ឱកាសអប់រំដ៏សំខាន់ដល់យុវជនកម្ពុជា ដោយវិទ្យាស្ថានភាសាAIWA មិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលភាសាជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) និងជំនាញវិជ្ជាជីវៈផ្សេងទៀត ដែលកំពុងមានតម្រូវការខ្ពស់។ គំនិតផ្តួច ផ្តើមនេះនឹងជួយគាំទ្រក្នុងការផ្តល់សក្តានុពលពេញ លេញដល់យុវជនកម្ពុជា និងជាពិសេសបង្កើតផ្លូវសម្រាប់ឱ្យពួកគាត់ ទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាគមជប៉ុន-កម្ពុជា ដែលតែងតែគាំទ្រដល់ប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសចំពោះវិស័យអប់រំផ្ទាល់ និងបានគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ក្រុម ហ៊ុននិងវិទ្យាស្ថានជប៉ុន ដែលមានបំណងចង់ចូលមកវិនិយោគលើវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាពិសេសបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនកិច្ចសហប្រតិបត្តិលើគម្រោងនានាបន្ថែមទៀត ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
ដោយ៖ សូរិយា