ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនបុកអ្នកថ្មើរជើងរបួសធ្ងន់ម្នាក់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បើកម៉ូតូល្បឿនលឿន ឈប់មិនទាន់បានបុកស្រ្តីម្នាក់ជាអ្នកថ្មើរជើង បណ្ដាលឲ្យស្រ្តីជាអ្នកថ្មើរជើងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២០និង៣០នាទីយប់ នៅលើផ្លូវជាតិលេខ២១  ស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង  ខេត្តកណ្តាល។ 

     មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វែង ស្រីនិត ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ជាអ្នកថ្មើរជើង ។ ចំណែកភាគីខាងម៉ូតូម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ1O-1339 បើកបរដោយឈ្មោះ សល់  លីដា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកវាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

     ប្រភពដដែលបន្តថា មុនពេលកើតហេតុ​ មានម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM ពណ៍ខ្មៅ ពាក់ផ្លាកលេខតាកែវ1O-1339 បើកបរដោយឈ្មោះ សល់  លីដា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកវាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បើកក្នុងទិសដៅត្បូងទៅជើង (កោះធំ-តាខ្មៅ)  ។ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយថ្មើរជើងម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ ក្នុងទិសដៅពីលិចទៅកើត អ្នកថ្មើរជើងនោះមានឈ្មោះ វែង ស្រីនិត ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។  ករណីនេះបណ្ដាលឲ្យអ្នកថ្មើរជើងរងរបួសធ្ងន់ និងអ្នកបើកម៉ូតូរងរបួសស្រាល ។

      ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

       ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកថ្មើរជើង ដើរឆ្លងផ្លូវ  ពេលយប់ ខ្វះការប្រុងប្រយ័ត្ន ។ ចំណែកអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មានការធ្វេសប្រហែស ទើបបណ្ដាលឱ្យគ្រោះថ្នាក់៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖