ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំអនុគណ:កម្មការសម្របសម្រួល និងពិធីការ របស់រដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត និងផ្ដល់អនុសាសន៍ដល់ក្រុមការងារខេត្ត ដើម្បីត្រៀមសហការជាមួយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងពិធីបើកព្រឹត្តិការណ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥ខាងមុខនេះ នៅលើទីតាំងចំនួន៦ រួមមានទីតាំងបរិវេណប្រាសាទអង្គរវត្ត ទីតាំងសួនច្បារព្រះរាជដំណាក់ ទីតាំងដងស្ទឹងសៀមរាប ទីតាំងKing’s Road ទីតាំង Pub street និងទីតាំងអង្គរឃ្យុងយូ ដោយមានកម្មវិធីចំនួ ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ។
សូមបញ្ជាក់ថា ៖ ក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី” នៅសាលសន្និសីទក្នុងសណ្ឋាការ Regency Angkor ក្នុងក្រុងសៀមរាប។
ការអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះរួមមានលោក សុខ សប្បាយណា សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងជាប្រធានក្រុមការប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោកបណ្ឌិត សោម រតនា សមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងជាប្រធានក្រុមទំនាក់ទំនងសាធារណៈ លោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប មគ្គទេសទេសចរណ៍ខេត្តសៀមរាប សមាជិក សមាជិកា ស.ស.យ.ក និងអ្នកបង្កើតមាតិកាក្នុងខេត្តសៀមរាបចំនួន១៤៥នាក់ ។
លោកបណ្ឌិត សោម រតនា បានថ្លែងសុន្ទរកថាស្វាគមន៍ដោយបានលើកឡើងពីវឌ្ឍនភាពការងារនៃក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមផ្សព្វផ្សាយដោយសកម្មរបស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាក្នុងបណ្ដាញសង្គម និងមគ្គទេសទេសចរណ៍ដែលអាចបញ្ជ្រាបនូវស្មារតីអង្គរសង្ក្រាន្ដទៅកាន់បងប្អូនប្រជាពលរដ្ឋ។ ក្នុងសុន្ទរកថាបើកសិក្ខា លោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានសម្ដែងនូវការរីករាយស្វាគមន៍ចំពោះការរៀបចំឡើងនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ដដែលចូលរួមជាចំណែកយ៉ាងសំខាន់ក្នុងលើកស្ទួយវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ ជាពិសេសចូលរួមជំរុញកំណើនដោយផ្ទាល់ និងប្រយោលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះដែល ឯកឧត្តមក៏បានលើកឡើងនូវការសម្របសម្រួលជាមួយម្ចាស់អាជីវកម្មនានាដើម្បីកុំឱ្យតម្លើងតម្លៃផលិតផល និងសេវាកម្មនានា។
ជាថ្មីម្ដងទៀត សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយគោលបំណង និងភាពស្រស់ស្អាតនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ឱ្យកាន់តែផុសផុល និងមានវិសាលភាពទូលំទូលាយ និងជំរុញយន្ដការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នា២០២៥ ឱ្យបានជ្រួតជ្រាបទៅដល់សាធារណជន ជាពិសេសក្រុមគោលដៅ តាមរយៈការផ្ដល់ជូននូវមូលដ្ឋាន ខ្លឹមសារ សម្ភារៈផ្សព្វផ្សាយ ក៏ដូចជាយន្ដការក្នុងការផ្លាស់ប្ដូរទំនាក់ទំនង រួមទាំងកិច្ចសហការ រវាងភាគីសំខាន់ៗដែលរួមមានអ្នកសារព័ត៌មាន អ្នកផលិតមាតិកាផ្សព្វផ្សាយលើបណ្ដាញសង្គម និងមគ្គុទេសទេសចរណ៍នៅក្នុងខេត្តសៀមរាប៕
ដោយ ៖ សិលា