ព័ត៌មានទាន់ហេតុការណ៍៖

ករណី​មន្រ្តីបរិស្ថានស្រែពក បាញ់តដៃពី​សំណាក់ក្រុមព្រានព្រៃ​ ប្រើអាវុធអាកាបំពាក់សឺម៉ែល​ សមត្ថកិច្ច​កំពុងបើកកាស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញា​ (មានវីដេអូ​)

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖​ យោងតាមរបាយការណ៍ដែលទើបទទួលបាននាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ វេលា​ម៉ោង ០៧.៥០នាទីព្រឹកថ្មីៗនេះ មន្ត្រីឧទ្យានុរក្សចំនួន៥នាក់ បំពាក់ដោយអាវុធCKCចំនួន៥ដើម និងមន្ត្រីសត្តរក្សចំនួន២នាក់ នៃការិយាល័យដែ​នជ​ម្រក​សត្វ​ព្រៃស្រែពកណាមលៀរ ស្រែពក បានធ្វើការចុះល្បាតត្រង់ចំនុចផ្លូវត្រពាំងកក់ ស្ថិតក្នុងភូមិសាស្ត្រភូមិកោះម្យើលលើ ឃុំណងឃីឡឹក ស្រុក កោះញែក  បាន​​ជួបក្រុមជនសង្ស័យចំនួន២នាក់ ជិះម៉ូតូចំនួន០១គ្រឿង ប្រដាប់ដោយអាវុធម៉ាកAKស្វាយបត់១ដើម។

ខណៈនោះក្រុមការងារមន្ត្រីឧទ្យានុរក្ស​ បានស្រែកឃាត់ឲ្យជនសង្ស័យឈប់ម៉ូតូដើម្បីសួរនាំ តែផ្ទុយទៅវិញជនសង្ស័យបានធ្វើការបាញ់​ប្រហារមកលើ​មន្ត្រី​ជាច្រើនគ្រាប់ តែជាសំណាងល្អ ក្នុងហេតុការផ្ទុះអាវុធនេះ មិនមានមន្ត្រីជំនាញណាម្នាក់រងរបួសឡើយ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ​ក្រោយស្ងប់ស្ងា​ត់​ការផ្ទុះ​អាវុធ មន្ត្រីឧទ្យានុរក្សបានវិលត្រឡប់មកកាន់ស្នាក់ការវិញដោយសុវត្តិភាព។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ ករណីផ្ទុះអាវុធនិងការផ្ជុងគម្រាមកំហែងពីសំណាកជនសង្ស័យនេះ គឺជាលើកទី៣ហើយ ដែលបច្ចុប្បន្នមន្ត្រីមានការព្រួយបារ​ម្មណ៍​ពាក់ពន្ធ័​និងសុវត្តិភាពផ្ទាល់ខ្លួនក្នុងពេលចុះល្បាតម្តងៗ ដោយគិតថាគ្មានសុវត្តិភាព ។

ដោយមន្ត្រីជំនាញស្នើសុំឲ្យមានកិច្ចសហការពីកងកម្លាំងស​ម​ត្ថ​កិ​ច្ច ​ដើម្បីធ្វើការបង្រ្កាបក្រុមជនសង្ស័យបរបាញ់សត្វព្រៃ ដែលប្រើប្រាស់អាវុធបាញ់មកលើក្រុមមន្ត្រីជំនាញការពារព្រៃឈើ​ដោយគ្មាន​ញញើ​ត​និង​ច្បាប់ឡើយ។ 

សូមជម្រាបជូនថា​ គិតត្រឹមរយៈពេលបីខែ​ដើមឆ្នាំ២០២៥នេះ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃណាមលៀរ-ស្រែពក បានជួបប្រទះហេតុការបាញ់​តដៃ​ពី​សំណាក់ក្រុមព្រានព្រៃ ដែលបានចូលទៅតំបន់ហាមឃាត់បបាញ់សត្វ បង្កឲ្យមានការព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពមន្ត្រីជំនាញ ។

បច្ចុប្បន្នកម្លាំងគណៈបញ្ជាការខេត្ត​ និងស្រុកកោះញែក​ កំពុងសហការបើកកាស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញាបន្ត៕

ដោយ៖​ ថង​ វិន


ចែករំលែក៖