ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ។
ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគ្រាស កែច្នៃ គ្រាប់ស្វាយចន្ទី កម្ពុ ណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក. (Kampu Nuts Agro Product Co., Ltd.) ស្ថិតនៅខេត្តកំពង់ធំ ដែលបានសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើង ហើយលោកអគ្គលេខាធិការក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលបានចំណាយពេលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេស នៅក្នុងឧស្សាហកម្មស្វាយចន្ទី។
លោកអគ្គលេខាធិការ បានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសផ្សេងទៀត។
បន្ថែមលើនេះ លោកអគ្គលេខាធិការ ក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។ ក្នុងន័យនេះ លោកអគ្គលេខាធិការ បានស្នើយ៉ាងទទូចឱ្យក្រុមហ៊ុនរួសរាន់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាពសំដៅបង្កើតតម្លៃបន្ថែមក្នុងស្រុកឱ្យកាន់តែច្រើន ពិសេស ការទទួលបានផលចំណេញទាំងអស់គ្នាពីវិស័យដែលកំពុងមានសក្តានុពលនេះ។
មានមតិក្នុងឱកាសកិច្ចប្រជុំ តំណាងគណៈប្រតិភូបានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ ដោយបានផ្តល់នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ។ តបតាមសំណើរបស់ លោកអគ្គលេខាធិការខាងលើ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន៖ កសិកម្ម ការនាំចេញ/ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល៕
ដោយ៖ តារា