ព័ត៌មានទាន់ហេតុការណ៍៖

លោក តាន់ ហ្សង់ហ្វ្រង់ស័រសាទរដំណឹងល្អប្រធានាធិបតីTrump មិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ ខណៈរាជរដ្ឋាភិបាលនឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី ៤៩% មកលើកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញក្ដីសាទរ ជាវិជ្ជមានបន្ទាប់ពីប្រធានាធិបតី Donald Trump ប្រកាសមិនអនុវត្តពន្ធគយថ្មីសម្រាប់រយៈពេល៩០ថ្ងៃ ខណៈរាជរដ្ឋាភិបាលនឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មី ៤៩% មកលើកម្ពុជា។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានសរសេរថា ជាដំណឹងល្អ៖ ប្រធានាធិបតីTrump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះទៅ ។ មូលហេតុ, បើតាមសំដីលោកTrump, គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ, ប្រទេសចំនួនជាង៧៥នៅក្នុងលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីសុំចរចា។

លោកបានបន្តថា ដូចបងប្អូនកូនក្មួយដឹងស្រាប់ហើយថា កម្ពុជាយើង ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេសមួយ, ក្នុងចំណោមប្រទេសពីរបីផ្សេងទៀត, ដែលបានផ្តួចផ្តើមគំនិតមុនគេឯង ស្នើសុំចរចាជាមួយទីក្រុង Washington។

បើតាម លោក តាន់ ហ្សង់ហ្វ្រង់ស័រ សង្គ្រាមពាណិជ្ជកម្មនេះដែលបាននិងកំពុងបន្តប្រព្រឹត្តទៅ មានលក្ខណៈជាសកល។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ គិតពីប្រយោជន៍របស់ប្រទេសខ្លួន មុនគេ។ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ហើយយើងធ្វើ ដើម្បីការពារបណ្តារោងចក្រនិងក្រុមហ៊ុននានាក្នុងទឹកដីយើង, ដើម្បីការពារប្រាក់ចំណូលរបស់កម្មករយើង និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរយើង។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ, រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និង បញ្ចុះបញ្ចូល សហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី (៤៩%)មកលើកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖