ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តដាច់កង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសុខៗស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់ចំណែករថយន្តដាច់កង់មុខខាងឆ្វេង។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ១៦៩ (ខាងមុខប៉ុស្តិ៍នគរបាលវាលវង់)ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត LEXUS RX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2R-5544 បើកតាមបណ្តោយផ្លូវលេខ១៦៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចមួយកង់ ចំណែករថយន្តដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖