ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២៥ បានបញ្ជូនខ្លួនក្រុមក្មេងទំនើង៥នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
ក្មេងទំនើង ទាំង ៥រួម មាន ១.ឈ្មោះ ស្រ៊ូ ប៊ុនណា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅខណ្ឌ៧មករា ២.ឈ្មោះ សាក់ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ សៀ សំផន ភេទប្រុស អាយុ១៩ឆ្នាំ ៤.ឈ្មោះ យ៉ាន វិត ភេទប្រុស អាយុ១៧ឆ្នាំ និង ៥.ឈ្មោះ ហេង សារ៉ុន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅខណ្ឌឫស្សីកែវ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង០៨:១៥នាទីព្រឹក នៅចំណុច ផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានក្រុមក្មេងទំនើង ធ្វើសកម្មភាពបង្កហិង្សាវាយតប់គ្នា បង្កឱ្យចលាចល បាត់សណ្តាប់ធ្នាប់ និងអសន្តិសុខក្នុងមូលដ្ឋាន។
ក្រោយពេលកើតហេតុ ភ្លាមៗ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងជំនាញផ្នែក និងប៉ុស្តិ៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផល មេសា អធិការរងដឹកនាំផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៥នាក់ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំ៕
ដោយ៖ ជ្រោយពេជ្រ