ភ្នំពេញ ៖ សាលាអន្តរជាតិ ហ្រេ្វដហ្វត អាស៊ីប៉ាស៊ីហ្វិកត្រូវបានអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦Aក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
តាមព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីពិដានបន្ទប់រៀន ផ្សែងហុយទ្រលោម បង្កអោយមានការភ្ញាក់ផ្អើលដល់បុគ្គលិកនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យបានចេញរថយន្ដចំនួន ៦គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់នៅក្នុងនោះរថយន្តការិ.អគ្គិភ័យចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង១២ម៉ែត្រគូប,ររថយន្តទីក្រុងជ្រោយចង្វារចំនួន០៣គ្រឿង ប្រើប្រាស់ទឹក០២ឡាន ស្មេីរនឹង ៨ម៉ែត្រគូបហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៩និង២០នាទីព្រឹក ។
សម្ភារៈដែលខូចខាតមាន ប្រភេទសំណង់ធ្វើពី ថ្មប្រក់ស័ង្កសីទំហំ ៦០ម៉ែត្រ គុណ៥០ម៉ែត្រហើយភ្លើងបានបានឆាបឆេះរងការខូចខាតបន្ទប់ចំនួន២ទំហំ ១០ម៉ែត្រ គុណ ១០ម៉ែត្ររួមទាំងសម្ភារៈមានៈ តុ កកៅអី, ម៉ាស៉ីនត្រជាក់ ទូរទស្សន៍ និងសម្ភារៈ មួយចំនួន តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ចេញពីម៉ាស៉ីនត្រជាក់៕
ដោយ ៖ ភារ៉ា ដង្កោ