យន្តហោះ Delta Air Lines ដឹកមនុស្ស 294 នាក់បានរងការឆាបឆេះម៉ាស៊ីន ខណៈដែលវាត្រៀមហោះឡើងក្នុងរដ្ឋផ្លរីដា ដោយបង្ខំឱ្យអ្នកដំណើរជម្លៀសខ្លួនដោយប្រើរអិល។ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី 21 ខែមេសា នៅពេលដែលយន្តហោះ Delta Air Lines Airbus A330 កំពុងរៀបចំចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយថា ម៉ាស៊ីនរបស់យន្តហោះបានឆេះ បន្ទាប់ពីត្រូវបានរុញចេញពីច្រកទ្វារអ្នកដំណើរ។
អាកាសយានដ្ឋានអន្តរជាតិ Orlando បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចំណតយន្តហោះ ហើយក្រុមពន្លត់អគ្គីភ័យបានឆ្លើយតបភ្លាមៗ។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីផ្សែង និងអណ្តាតភ្លើងដែលហុយចេញពីផ្នែកខាងស្តាំនៃយន្តហោះ ហើយអ្នកដំណើរដែលជម្លៀសខ្លួនដោយប្រើស្លាយសង្គ្រោះបន្ទាន់។
យោងតាមក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines យន្តហោះនេះបានដឹកអ្នកដំណើរ 282 នាក់ និងសមាជិកនាវិក 12 នាក់។ ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសទេ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា “នាវិកបានអនុវត្តនីតិវិធីជម្លៀសអ្នកដំណើរ នៅពេលដែលរកឃើញថាមានភ្លើងឆេះនៅក្នុងម៉ាស៊ីនមួយ” ដោយបន្ថែមថាក្រុមថែទាំនឹងត្រួតពិនិត្យយន្តហោះ ហើយអ្នកដំណើរត្រូវបានដាក់នៅលើជើងហោះហើរផ្សេងទៀតដើម្បីបន្តដំណើររបស់ពួកគេ។
FAA កំពុងស៊ើបអង្កេតមូលហេតុនៃការឆេះនេះ។ ក្រុមហ៊ុនផលិតយន្តហោះ Airbus មិនបានធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ៕ ដោយ៖ ធីរីណា
រូបថត៖ vnexpress