ខេត្តស្វាយរៀង៖ លោកលឹម សៀងហេង ប្រធានកិត្តិយសអនុសាខា កាកបាទ ក្រហមកម្ពុជាក្រុងបាវិត លោកស្រី ជួន សុវណ្ណារី ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងសហការី នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥ បានទទួលបច្ច័យ ទេយ្យទាន ពីព្រះវិសាលធម្មគុណ ទេព វាសនា ព្រះព្រះអនុគណក្រុងបាវិត ព្រមទាំងព្រះគ្រូចៅអធិការ គ្រូអាចារ្យ គណៈកម្មការ ទាំង ១៩ វត្ត ប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង សម្រាប់ត្រៀមឆ្លើយតបដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើងនៅក្នុងក្រុង ។
នាឱកាសនោះលោក លឹម សៀងហេង មានប្រសាសន៍សំណេះសំណាលដោយបាននាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកព្រះទ័យដ៏ជ្រះថ្លារបស់ព្រះសង្ឃគ្រប់ព្រះអង្គ ដែលតែងតែបានបរិច្ចាគទេយ្យទានជារៀងរាល់ឆ្នាំក្នុងការចូលរួមចំណែកសកកម្មភាពការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាដើម្បីធ្វើឱ្យវិស័យ មនុស្សធម៌មួយនេះកាន់តែមានលទ្ធភាពបន្ថែមទៀត ។
លោកប្រធានកិត្តិយសអនុសាខា បានសន្យាថា និងនាំយកសម្ភារ ទេយ្យទានទាំងអស់នេះទៅចាត់ចែងចែកជូនបន្តដល់ដៃបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា ឱ្យទៅនឹងទឹកព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទាន ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូននាពេលនេះរួមមាន៖ អង្ករ ៦៧៥ គ.ក្រ មី ១៨ កេស ទឹកសុទ្ធ ១៧ កេស ភេជ្ជៈ ២០ កេស ត្រីខកំប៉ុង ៨ យួរ ទឹកស៊ីអ៊ីវ ៨ យួរ ទឹកត្រី ៦ យួរ បន្លុង ៤ អីវ៉ាន់បង្សុកូល ១៧ ឈុត ប៊ីចេង ៥ គ.ក្រ ស្ករស ៥ គ.ក្រ បច្ច័យ ៣ លានរៀល ៕
ដោយ៖ សុថាន