ភ្នំពេញ៖ បង្គោលភ្លើង២ដើម ឆ្លងចរន្តភ្លើងផ្ទុះឆេះបន្តបន្ទាប់ផ្អើលពលរដ្ឋនឹងសមត្ថកិច្ចជួយពន្លត់ និងហៅរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់ភ្លើង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ កែវ ចិន្តា ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសម្លេងផ្ទុះ ០២ទៅ០៣ដងជាប់គ្នា និងមានក្លិនឈ្ងៀម ភ្លាមៗ ហើយដាច់ចរន្តអគ្គិសនី ភ្លាមៗនោះក៏កើតទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តែម្តង។ ស្របពេលនោះ ពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចអោយជួយចុះអន្តរាគមន៍។
ពលរដ្ឋបានបន្តថា លុះពេលរាយការណ៍ជូនសមត្ថកិច្ចរួច ក៏ឮសម្លេងផ្ទុះម្តងទៀត ហើយមានការស្រែកឆោរឡោរថា « ឆេះមួយកន្លែងទៀតហើយ »។ ដោយខណៈនោះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ រួចបាញ់ទឹកពន្លត់រលត់ភ្លើងជាស្ថាពរ។
អគ្គិភ័យនេះដែរបានប្រើប្រាស់រថយន្តពន្លត់ ចំនួន០៣គ្រឿង មាន រថយន្តរបស់ស្នងការរាជធានី ០១គ្រឿង , រថយន្តរបស់ ទីក្រុង អូសុីអាយសុី នឹង រថយន្តរបស់សាលាខណ្ឌជ្រោយចង្វា។
គ្រោះអគ្គិភ័យនេះដែរមិនបង្កឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ៕
ដោយ៖ជ្រោយពេជ្រ