ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់បង្ហាញសាច់ដុំដាក់លោកខាងលិច ដោយបង្អួតមីស៊ីលបាលិស្ទីគស៊េរីថ្មី បាញ់បាន១២០០គីឡូម៉ែត្រ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា បានបញ្ចេញមីស៊ីលបាលិស្ទីគថ្មីមួយដំណើរការដោយប្រើឥន្ធនៈរឹងដែលអាចបាញ់បានរយៈចម្ងាយ១២០០គីឡូម៉ែត្រ នៅចំពោះមុខការកើនឡើងភាពតានតឹងជាមួយលោកខាងលិច។
ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បាននិយាយថា មីស៊ីលបាលិស្ទីគខាងលើមានឈ្មោះថា Ghassem Basir អាចបាញ់បានរយៈចម្ងាយយ៉ាងហោច ១២០០គីឡូម៉ែត្រ និងជាសមិទ្ធផលចុងក្រោយនៃវិស័យការពារជាតិរបស់អ៉ីរ៉ង់»។ ការបង្អួតមីស៊ីលរបស់អ៉ីរ៉ង់នេះធ្វើឡើង ខណៈបណ្ដាប្រទេសលោកខាងលិចបានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងសមត្ថភាពមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ដោយពួកគេចោទថាកំពុងបង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ អ៉ីរ៉ង់ត្រូវបានគេជឿថា ជាអ្នកគាំទ្រដល់ «axis of resistance» ដែលជាបណ្ដាញក្រុមប្រដាប់អាវុធមួយប្រឆាំងអ៉ីស្រាអែល ក្នុងនោះរួមមាន ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន ក្រុមហេសបូឡានៅលីបង់ ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា និងក្រុមប្រដាប់អាវុធស៊ីអ៉ីតនៅក្នុងប្រទេស
អ៉ីរ៉ាក់។
កាលពីថ្ងៃអាទិត្យ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានបញ្ចេញរូបភាពមីស៊ីល Ghassem Basir អំឡុងបទសម្ភាសន៍ជាមួយរដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ លោក Aziz Nasirzadeh។ លោក Nasirzadeh បានលើកឡើងនៅក្នុងបទសម្ភាសន៍នោះថា «ប្រសិនបើយើងរងការវាយប្រហារ ហើយសង្រ្គាមផ្ទុះឡើងប្រឆាំងនឹងពួកយើង យើងនឹងធ្វើការឆ្លើយតបដោយនឹងកំណត់គោលដៅលើផលប្រយោជន៍របស់ពួកគេ និងមូលដ្ឋានទ័ពរបស់ពួកគេ»។ លោកបន្តថា «យើងមិនប្រកាន់ជំហរអមិត្តប្រឆាំងនឹងប្រទេសជិតខាងទេ ប៉ុន្តែមូលដ្ឋានទ័ពអាមេរិកគឺជាគោលដៅរបស់ពួកយើង»។
មីស៊ីលស៊េរីថ្មីនេះត្រូវបានបង្ហាញក្រោយតេហេរ៉ង់ និងវ៉ាស៊ីនតោនរៀបចំកិច្ចចរចាស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ក្រោមការសម្របសម្រួលរបស់អូម៉ង់ ចំនួន៣លើករួចមកហើយចាប់តាំងពីថ្ងៃទី១២ ខែមេសាមក៕ ដោយ៖ ធីរីណា

រូបថត​៖ IRNA


ចែករំលែក៖