ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណៈមាន រថយន្តនិងរថយន្តបុកបន្តកន្ទុយគ្នា០៣គ្រឿងបណ្តាលឲ្យស្លាប់អ្នកបើកបររថយន្តដឹកទឹកសុទ្ធ និងអ្នករួមដំណើរ២នាក់ទៀត រងរបួសធ្ងន់ ។ ចំណែកអ្នកបើកបររថយន្ត RANGE ROVER និងអ្នករួមដំណើររបួសស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចផ្សារស្វាយជ្រំ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បុកបន្តកន្ទុយគ្នា ០៣គ្រឿង រួមមាន ៖
ទី១. រថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-7089 ខូចខាតកាប៊ីនខាងមុខខ្ទេចទាំងស្រុង ។
ទី២. រថយន្តកូរ៉េ ពណ៌ខៀវ ដឹកទឹកសុទ្ធ ពាក់ស្លាកលេខភ្នំពេញ 2A-2732 ខូចខាតទាំងស្រុង អ្នកបើកបររងរបួសធ្ងន់ធ្ងរបែកក្បាល បាក់ជើងម្ខាង សន្លប់នៅនឹងកន្លែង ។
ទី៣. រថយន្តម៉ាក DEAWOO ពាក់ស្លាកលេខខេមរភូមិន្ទ 3-1883 ដឹកខ្សាច់ថ្ម ខូចខាតផ្នែកខាងមុខ។
ប្រភពបន្តថា មុនកើតហេតុគេឃើញរថយន្តដឹកទឹកសុទ្ធបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តដឹកខ្សាច់ថ្មបើកបញ្ច្រាសទិសគ្នាពីកើតទៅលិចបានបុកគ្នាជាមួយរថយន្តដឹកទឹកសុទ្ធធ្វើឲ្យខ្ទាតមកកណ្តាលថ្នល់ក៏ត្រូវរថយន្តម៉ាក RANGE ROVER ដែលបើកបញ្ច្រាសទិសគ្នាពីកើតទៅលិចយ៉ាងលឿនក៏បុកជាមួយរថយន្តដឹកទឹកសុទ្ធពេញទំហឹងបន្ថែមទៀត បណ្តាលឲ្យដាច់ទ្រុងខ្ទាតទឹកសុទ្ធ រាយប៉ាយពេញផ្លូវតែម្តង ។
សមត្ថកិច្ចបន្តទៀតថា បន្ទាប់មក សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកជនរងគ្រោះទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ និងធ្វើការវាស់វែងរួច (ហៅរថយន្តស្ទូចរថយន្ត RANGE ROVER និងអូសរថយន្តដឹកទឹកសុទ្អ) យករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយតាមនីតិវិធី ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នា៣គ្រឿងនៅស្វាយជ្រំ គឺស្លាប់អ្នកបើកបររថយន្តដឹកទឹកសុទ្ធម្នាក់ និងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅរាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្ត RANGE ROVER និងអ្នករួមដំណើរ របួសស្រាល៕
ដោយ៖ សុថាន