ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង៖ ទិវាចងចាំប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុលពត

ចែករំលែក៖

ភ្នំពេញ៖ ទិវាចងចាំត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។ សម្រាប់រាជធានីភ្នំពេញ ទិវាចងចាំឆ្នាំនេះនឹងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ នៅថ្ងៃ២០ ឧសភា ២០២៥ខាងមុខនេះ ដោយត្រូវរៀបចំជាកម្រិតថ្នាក់ជាតិ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំ ត្រៀមរៀបចំទិវាជាតិនៃការចងចាំនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ របបប្រល័យពូជសាសន៍ប៉ុល ពតបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសរីកចម្រើនជឿនលឿនទៅជាប្រទេសគ្មានអ្វីទាំងអស់។ យើងតែងប្រារព្វទិវាចងចាំនេះជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស គឺដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។
ឯកឧត្តម ឃួង ស្រេង បានបន្តថា៖ ទិវាចងចាំឆ្នាំនេះយើងត្រូវរៀបចំឡើងក្នុងកម្រិតថ្នាក់ជាតិ ដោយត្រូវគិតគូរពីការ ផ្សាយផ្ទាល់ពីក្រុមព័ត៌មាន ចំពោះខ្លឹមសារក៏ត្រូវធ្វើឱ្យគ្រប់ជ្រុងជ្រោយជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះថ្នាក់ជាតិចូលរួមជាអធិបតី មិនដូចរាល់ឆ្នាំរដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំនោះទេ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញទទួលខុសត្រូវក្នុងការរក្សាសន្តិសុខនិងការរៀបចំប្រជាពលរដ្ឋ មន្ត្រីរាជការឱ្យចូលរួម។ ចំពោះខ្លឹមសារនៃការរៀបចំយ៉ាងណានោះ គឺថ្នាក់ជាតិជាអ្នករៀបចំ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីប្រកាសឱ្យដឹងក្នុងការត្រៀមខ្លួនឱ្យបានរួចស្រេចក្នុងការចូលក្នុងការប្រារព្វទិវាចងចាំ២០ឧសភានេះ។ យើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយរដ្ឋបាលរាជធានីជាអ្នកចូលរួមដោយគិតពីចំណតរថយន្តផងដែរ ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា៖ សម្រាប់ការប្រារព្ធពិធីឆ្នាំនេះត្រូវធ្វើឡើងជាថ្នាក់ជាតិ ដូច្នេះមន្ទីរព័ត៌មានក៏ដូចជាមន្ទីរសាធារណការ ,មន្ទីរធម្មការនិងសាសនានិងមន្ទីរវប្បធម៌ជាដើម ត្រូវត្រៀមរៀបចំការងាររបស់ខ្លួនឱ្យបានល្អ ដោយត្រូវរាយការណ៍ទៅក្រសួងរបស់ខ្លួន ជុំវិញការងារដែលត្រូវអនុវត្ត។ ចំពោះខណ្ឌទាំង១៤ត្រូវត្រៀមប្រជាពលរដ្ឋ ដែលត្រូវចូលរួមក្នុងទិវានេះ ជាមួយនឹងការពង្រឹងសន្តិសុខឱ្យបានល្អប្រសើរ។ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំងនៅមជ្ឈមណ្ឌលជើងឯកនេះ ដោយមើលទាំងចំណតរថយន្ត សម្អាតទីធ្លីឱ្យបានស្អាត ដោយសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ដើម្បីសម្អាតបរិស្ថានបានល្អផង ៕ ​

ដោយ៖ សំរិត


ចែករំលែក៖