ព័ត៌មានទាន់ហេតុការណ៍៖

ចក្រភពអង់គ្លេស – សហភាពអឺរ៉ុបចាប់ផ្តើមទំនាក់ទំនងឡើងវិញបន្ទាប់ពី Brexit

ចែករំលែក៖

ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិ សន្តិសុខ និងកិច្ចព្រមព្រៀងនាំចេញស្បៀងអាហារជាបន្តបន្ទាប់ ដោយសម្គាល់ “ការចាប់ផ្តើមឡើងវិញ” នៃកិច្ចសហប្រតិបត្តិការដែលត្រូវបានបង្អាក់បន្ទាប់ពី Brexit ។
មេដឹកនាំនៃចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី 19 ខែឧសភា បានប្រកាសអំពីកិច្ចព្រមព្រៀងជាបន្តបន្ទាប់ស្តីពីវិស័យការពារជាតិ សន្តិសុខ និងពាណិជ្ជកម្មអាហារក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅទីក្រុងឡុងដ៍។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានពណ៌នាកិច្ចព្រមព្រៀងថាជា “ឈ្នះ-ឈ្នះ” ខណៈដែលប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បាននិយាយថាភាគី “កំពុងប្រែក្លាយទំព័រថ្មី” នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនង។
កិច្ចប្រជុំកំពូលនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជំរុញដោយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដើម្បីស្តារទំនាក់ទំនងជាមួយ EU ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចក្រភពអង់គ្លេស។ វាក៏ជាជំនួបដ៏សំខាន់លើកដំបូងរវាងភាគីទាំងពីរនៅលើទឹកដីអង់គ្លេស ចាប់តាំងពីការធ្វើប្រជាមតិឆ្នាំ 2016 ដែលនាំឱ្យអង់គ្លេសចាកចេញពី EU ឬហៅថា Brexit។
លោក Starmer បាននិយាយថា “ការនាំចេញរបស់ចក្រភពអង់គ្លេសទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ 21% និងការនាំចូល 7% នៅក្នុងឆ្នាំក្រោយ Brexit ។ ឥឡូវនេះចក្រភពអង់គ្លេសនឹងអាចលក់ផលិតផលបន្ថែមទៀតទៅកាន់សហភាពអឺរ៉ុប រួមទាំងសាច់គោ និងសាច់ក្រកដែលជួយឱ្យឧស្សាហកម្មសំខាន់ៗទាំងនេះបន្តរីកចម្រើន” ។
ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវទឹកប្រាក់ចំនួន 12 ពាន់លានដុល្លារដល់សេដ្ឋកិច្ចចក្រភពអង់គ្លេសនៅឆ្នាំ 2040 ។
កិច្ចព្រមព្រៀងនេសាទរយៈពេល 12 ឆ្នាំនឹងអនុញ្ញាតឱ្យនាវានេសាទអឺរ៉ុបបន្តប្រតិបត្តិការនៅក្នុងដែនទឹករបស់ចក្រភពអង់គ្លេស។ ជាការតបស្នង សហភាពអឺរ៉ុបនឹងកាត់បន្ថយខ្សែអាត់ក្រហមសម្រាប់កសិករ និងអ្នកនេសាទអង់គ្លេស នៅពេលនាំចេញទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
ភាគីទាំងពីរក៏បានឯកភាពលើកតិកាសញ្ញាសន្តិសុខ និងការពារជាតិ ដែលនឹងផ្តល់ឱ្យចក្រភពអង់គ្លេសនូវលទ្ធភាពទទួលបានមូលនិធិការពារជាតិចំនួន 141 ពាន់លានដុល្លាររបស់សហភាពអឺរ៉ុប ខណៈពេលដែលមានកាតព្វកិច្ចក្នុងការរួមចំណែកផ្នែកហិរញ្ញវត្ថុដែលត្រូវគ្នា៕

ដោយ៖ ធីរីណា(រូបថត​៖ AP)


ចែករំលែក៖