ខេត្តកំពង់ស្ពឺ៖ ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ករណីបង្រ្កាបក្រុមក្មេងទំនេីង លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងឃាត់មុខសញ្ញាក្មេងទំនេីងម្នាក់ដែលបានថតវីដេអូសម្ដែងក្បាច់គុន ដាវ បង្អួតបង្ហោះតាមប្រព័ន្ធបណ្ដាញសង្គម tik tok និងចែកចាយបន្ដតាមរយៈគណនីហ្វេសប៊ុក ឈ្មោះ តារា សៀមរាប” ប្រឹងឡេីងកូន កូនជិតបានសម្រេចហេីយ “ ។
នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលបានឃាត់មុខសញ្ញាខាងលេីដែលមានឈ្មោះ អូន រ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីសាកសួរនិងចាត់ការតាមនីតិវិធី។
នៅចំពោះសមត្ថកិច្ចក្មេងទំនើងខាងលើបានទទួលស្គាល់ថាពិតជាបានធ្វេីសកម្មភាពថតវីដេអូ កាន់ដាវនិងសម្ដែងក្បាច់តាមចង្វាក់វិជ្ជាគុនដូចវីដេអូភាគចិន ថតនៅចំណុចភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រួចបង្ហោះលើគណនីTik Tok របស់ខ្លួនឈ្មោះ Kakav កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ពិតប្រាដកមែន គោលបំណងចង់បង្អួតដល់ដៃគូម្ខាងទៀតឱ្យត្រៀមលក្ខណៈកុំព្រហេីន។
បច្ចុប្បន្ន មុខសញ្ញាក្មេងទំនេីងរួមជាមួយវត្ថុតាងដាវ, ទូរស័ព្ទ ជំនាញបានកសាងសំណុំបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ ចាត់ការតាមនីតិវិធី៕
ដោយ៖ សូរិយា