ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា​ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីក្រាំង នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០២ករណីផ្សេងគ្នា ក្នុងបទល្មើសជាក់ស្តែង ។

កិច្ចប្រតិបត្តិការទី០១៖ នៅវេលាម៉ោង១២ និង៤៥នាទី នៅចំណុចក្រុមទី០៥ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១-ឈ្មោះ ផាន់ គឹមអ៉ី ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង២-ឈ្មោះ វើម ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់, ទូរស័ព្ទដៃចំនួន០១គ្រឿង, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទុយោសម្រាប់ចូកថ្នាំញៀនចំនួន០១ និងអំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ ។

កិច្ចប្រតិបត្តិការទី០២៖ នៅវេលាម៉ោង១៧ និង៣០នាទី នៅចំណុចក្រុមទី០៨ ភូមិទួលស្នួល ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីក្រាំង នៃអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រឿយ សារ៉ុម ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួលស្នួល ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់, ទូរស័ព្ទដៃចំនួន០១គ្រឿង, និងអំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖