ខេត្រក្រចេះ៖ លោក សុធា ពិសិដ្ឋព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានដឹកនាំកម្លាំងរបស់អយ្យការប្រមាណជា៤,៥នាក់និងកម្លាំងប្រជាការពារ ចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្សជាង១០នាក់និងរឹបអូសបានវត្ថុតាងមួយចំនួនប្រគល់ឲ្យមន្ត្រីនគរបាលស្រុកចិត្របុរី។
បើតាមក្រុមអ្នកលេងល្បែងនិយាយតៗគ្នាថា បើសិនជាលោកព្រះរាជអាជ្ញាមិនប្រើកម្លាំងស៊ីវិលចុះបង្រ្កាបទេ ម្ល៉េះសូម្បីតែឃាត់ខ្លួនមនុស្សម្នាក់មិនបានផង ព្រោះសមត្ថកិច្ចនៅខេត្តក្រចេះ ទាំងនគរបាល ទាំងប៉េអឹមត្រូវមេសង្វៀនបញ្ជល់មាន់ អាប៉ោង យូគី រត់ការតាំងពីថ្នាក់លើរួចហើយ។
ការបង្ក្រាបសង្វៀនបញ្ជល់មាន់របស់ស្ថាប័នអយ្យការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្នំផ្កាយព្រឹក ភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ខាងលើ គឺដឹកនាំដោយលោកសុធា ពិសិដ្ឋ និងកម្លាំងស៊ីវិលដែលគេដឹងថា ជាកូនចៅជំនិតរបស់លោកស្លៀកពាក់ស៊ីវិល គឺមានអាវុធនិងខ្នោះជាច្រើនទៅចាប់ក្រុមអ្នកជល់មាន់វាយខ្នោះប្រមាណជាង១០នាក់និងរូបអូសបានម៉ូតូ២៨គ្រឿង, រ៉ឺម៉ក១គ្រឿង, រថយន្តមួយគ្រឿងនិងមាន់ជល់ចំនួន៤ក្បាល។
ក្រោយការចាប់បង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ខាងលើ កម្លាំងរបស់ស្ថាប័នអយ្យការក៏បានប្រគល់មនុស្សដែលបានឃាត់ខ្លួននិងវត្ថុតាងទៅឲ្យអធិការដ្ឋាននគរបាលស្រុកចិត្តបុរីដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងបានប្រាប់តាមទូរស័ព្ទ ថា ទីតាំងល្បែងស៊ីសងនេះ ជាទីតាំងដ៏ធំមានអ្នកលេងល្បែងរហូតដល់ជាង១០០នាក់ ប៉ុន្តែដោយសារកម្លាំងសមត្ថកិច្ចមានគ្នាតិចទើបឃាត់ខ្លួន អ្នកលេងបានតែជាង១០នាក់។ លោកព្រះរាជអាជ្ញារងបានបន្ថែមទៀតថា នគរបាលស្រុកចិត្របុរី កំពុងកសាងនីតិវិធីដើម្បីវែកមុខម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធ ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច