ព័ត៌មានទាន់ហេតុការណ៍៖

ដំរីព្រៃទម្ងន់៤តោន ចូលហាងលក់គ្រឿងទេសដើម្បីស្វែងរកអាហារ

ចែករំលែក៖

ដំរីព្រៃមួយក្បាលបានចូលហាងលក់គ្រឿងទេសមួយកន្លែងនៅជិតឧទ្យានជាតិ Khao Yai ដើម្បីស្វែងរកអាហារ បន្ទាប់មកក៏ចាកចេញទៅ។
វីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមថៃកាលពីថ្ងៃទី 3 ខែមិថុនា បង្ហាញពីសត្វដំរីឈ្មោលដ៏ធំមួយក្បាលដែលមានឈ្មោះថា “Plai Biang Lek” ឈប់នៅខាងក្រៅហាងលក់គ្រឿងទេសក្បែរឧទ្យានជាតិ Khao Yai ភាគឦសាននៃប្រទេស មុនពេលចូលហាង។
ដំរីបានឈប់នៅមុខអ្នកគិតលុយ ដោយប្រើប្រមោយរបស់វាយ៉ាងស្ងប់ស្ងាត់ ដើម្បីចាប់និងញាត់អាហារសម្រន់ចូលក្នុងមាត់ ដោយមិនមានការរារាំង បើទោះបីបុគ្គលិកឧទ្យានជាតិ Khao Yai ដេញវាចេញក៏ដោយ។ បន្ទាប់មក វាបានដើរចេញពីហាង ហើយបានចាកចេញ ដោយនៅតែកាន់ថង់អាហារសម្រន់នៅក្នុងប្រមោយរបស់វា។
ហាងនេះបានរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ដោយមានប្រឡាក់ភក់ខ្លះនៅលើកម្រាល និងពិតាន។ ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសទេ។
Kamploy Kakaew ម្ចាស់ហាងមានអារម្មណ៍រំភើបរីករាយពេលនាងរៀបរាប់ពីពេលដែលដំរីចូល។ នាងបាននិយាយថា វាបានញ៉ាំនំផ្អែមប្រហែលប្រាំបួនថង់ សាំងវិចមួយ និងចេកស្ងួតមួយចំនួនដែលនាងទិញនៅព្រឹកនោះ។
Danai Sookkanthachat អ្នកស្ម័គ្រចិត្ដនៅឧទ្យានជាតិ Khao Yai ដែលធ្លាប់ស្គាល់សត្វដំរី បាននិយាយថា Plai Biang Lek តែងតែបង្ហាញខ្លួននៅក្នុងតំបន់នេះ ហើយចូលទៅជិតផ្ទះរបស់មនុស្សដើម្បីស្វែងរកអាហារ។ យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលគាត់ឃើញវាចូលក្នុងហាងលក់គ្រឿងទេស។

គាត់បាននិយាយថា៖ «បន្ទាប់ពីចេញពីហាង វាបានបន្តបើកបង្អួចបន្ទប់គេងរបស់ផ្ទះមួយផ្សេងទៀត។
Danai បាននិយាយថា ដំរីព្រៃនៅក្នុងឧទ្យានជាតិ Khao Yai បានចេញក្រៅព្រៃដើម្បីឆ្មក់ចូលផ្ទះបាយរបស់មនុស្សជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅឆ្នាំនេះពួកវាបានចាប់ផ្តើមលេចឡើងនៅកន្លែងចៃដន្យកាន់តែច្រើន។
នាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិរបស់ប្រទេសថៃបានប៉ាន់ប្រមាណថានឹងមានដំរីព្រៃចំនួន 4,000 ក្បាលនៅក្នុងប្រទេសនៅឆ្នាំ 2024។ នៅពេលដែលកសិករផ្លាស់ទីកាន់តែជ្រៅទៅក្នុងព្រៃដើម្បីដាំដុះដំណាំ ដំរីត្រូវបានបង្ខំឱ្យស្វែងរកអាហារនៅខាងក្រៅទីជម្រកដែលកាន់តែរួមតូចរបស់ពួកគេ ដែលនាំឱ្យមានការជួបគ្រោះថ្នាក់ពេលខ្លះ៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖