ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រម្នាក់ ចាក់សោរចេញទៅធ្វើការបាត់ ឆ្លងចរន្ដអគ្គិសនីឆេះបន្ទប់អស់ម៉ូតូរួមទាំងសម្ភារៈមួយចំនួនធំ

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្មការិនីរោងចក្រម្នាក់ ចាក់សោរបន្ទប់ទៅធ្វើការដោយបានទុកម៉ូតូក្នុងផ្ទះជួល មកវិញភ្លើងឆេះអស់ម៉ូតូមួយគ្រឿង និងសម្ភារៈអស់មួយចំនួនធំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់បន្ទប់មានឈ្មោះ ទីញ សុខទួន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ រស់នៅភូមិបាក់ត្រគួន ឃុំលាច ស្រុក ភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្នុប្បន្នជួលបន្ទប់កើតហេតុខាងលើ ។

បើយោងតាមប្រភពព័ត៌មានពីម្ចាស់បន្ទប់ជួលបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានរៀបចំទៅធ្វើការដូចធម្មតា ដោយបានទុកម៉ូតូក្នុងបន្ទប់ រួចចាក់សោរចេញទៅធ្វើការរោងចក្រក្បែរនោះបាត់ ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋ ទាក់ទងប្រាប់ថាមានភ្លើងឆេះបន្ទប់ ភ្លាមៗគាត់ក៏ប្រញាប់មកពីកន្លែងធើ្វការវិញមកបន្ទប់ជួលក៏បានឃើញបន្ទប់ត្រូវភ្លើងឆេះបណ្ដាលឲ្យខូចខាតសម្ភារៈអស់ក្នុងបន្ទប់មានដូចជាម៉ូតូDrem125 (ស៊េរី០១៧)មួយគ្រឿង ទូរស័ព្ទ ១គ្រឿង សម្ភារៈប្រើប្រាស់មួយចំនួនធំ ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួស ឬប៉ះពាល់អាយុជីវិតនោះ គ្រាន់តែខូចខាតសម្ភារៈក្នុងបន្ទប់តែប៉ុណ្ណោះ ។ ប្រតិបត្តិការបាញ់ពន្លត់នេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿងនិង គ្រប់គ្រងមិនអោយរាលដាលបន្ត ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖