ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រាបានបើកបររថយន្តរេចង្កូតបុករះរ៉ឺម៉ក និងម៉ូតូ រួមទាំងតុលក់ដូរតាមជញ្ចើមផ្លូវ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅកំណាត់ផ្លូវបេតុង លេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង ម៉ាក JMC ពណ៌ត្នោត ពាក់ស្លាកលេខ កម្ពុជា KL.KK.CO បើកបរដោយបុរសចិនម្នាក់ តាមបណ្តោយផ្លូវលេខ ១៩៨៦ ក្នុងទិសដៅពីលិចទៅកើតរេពេញផ្លូវ ។
អ្នកឃើញហេតុការណ៍បានបន្តថា លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតជ្រុលទៅបុករះ ម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូMSX១គ្រឿង រួមទាំងតុលក់ដូរតាមជញ្ចើមផ្លូវ បង្កការខូចខាតសម្ភារៈ១ចំនួន ។
នៅក្នុងហេតុការណ៍ខាងលើនេះ មិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ជាក់ស្តែងរថយន្តបង្ក បានរងការខូចខាតមួយកំណាត់មុខ ។
បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តដែលជាជនជាតិចិន បានចុះពីរថយន្ត ចរចារជាមួយភាគីខាងម្ចាស់ម៉ូតូ និងទីតាំងលក់ដូរ ដែលគាត់បានបុក ដោយសងសំណង ជាលុយសុទ្ធដើម្បីបញ្ចប់រឿង ប៉ុន្តែក្រោយសងរួច សមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់រថយន្ត បញ្ជូនទៅប៉ុស្តិ៍ ដើម្បីសាកសួរនាំ និងពិនិត្យជាតិអាល់កុល ព្រមទាំងអនុវត្តតាមនីតិវិធីបន្ត៕
ដោយ៖ ជ្រោយពេជ្រ