ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលអោយលោកនាយករងវិទ្យាល័យជីភូម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២នាក់នៅក្រុងបាវិត។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១១ខែ មិថុនា ឆ្នាំ២០២៥ នៅលើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥០-១៥១ស្ថិត ក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានអោយដឹងថា មានម៉ូតូមួយគ្រឿងម៉ាកWAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1Q-8665 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ សេក សាក់ខាត់ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ នៅភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បុកប៉ះនឹងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1A-9284 ដែលបើកបរឆ្លងផ្លូវពីត្បូងទៅជើង បើកបរដោយឈ្មោះ មាឃ សាម៉ន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ(គ្រូបង្រៀន)ជនជាតិខ្មែរ នៅភូមិកំ ពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ទន់ សុទ្ធី ភេទ ស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ(គ្រួបង្រៀន) នៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសធ្ងន់ គ្មានពាក់មួកសុវត្ថិភាព ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ចំណែកឈ្មោះមាឃ សាម៉ន រងរបួសធ្ងន់មិនអាចសង្គ្រោះបានក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យគួរអោយសង្វេគ។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុ គឺដោយសារម៉ូតូម៉ាកឌ្រីម C125 ពាក់ស្លាកលេខស្វាយរៀង1A-9284បើកឆ្លងផ្លូវពីត្បូងទៅជើងខ្វះការប្រុងប្រយ័ត្នទើបបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ៕
ដោយ៖ សុថាន