ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរចេញពីរោងចក្រមកតាមផ្លូវ ត្រូវចោរឆក់យកខ្សែ.ក ផ្លាកទីនអស់១តម្លឹង២ជី យកទៅបាត់ មិនរំខានដល់សមត្ថកិច្ចខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាស៊យមែន..! ខណៈដែលបុរសម្នាក់កំពុងតែដើរចេញពីរោងចក្រ មកឆ្លងផ្លូវត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកខ្សែ ក ផ្លាកទីនទំងន់១តម្លឹង២ជីយកទៅបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ ឌួង ងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះខាងលើមានឈ្មោះ សុខ ចាន់ អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត  ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  បេីតាមការរៀបរាប់របស់ជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដើរចេញពីរោងចក្រ បម្រុងឆ្លងផ្លូវទៅទិញបាយម្ហូបហូប ខណៈកំពុងតែដើរតាមផ្លូវត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីមិនចាំផ្លាកលេខ ឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូង ជិះមកធ្វើសកម្មភាពឆក់យកខ្សែក ពី ក របស់ជនរងគ្រោះ ហើយក៏បានជិះម៉ូតូឌុបគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។

      ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងស្រាវជ្រាវរកក្រុមជនសង្ស័យខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបានដើម្បីកុំឲ្យក្រុមនេះបន្តធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋនិងអ្នកដំណើរផ្សេងទៀត ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖