ភ្នំពេញ ៖ ប្រុសស្រី២នាក់បានរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាបុករថយន្តស៊េរីទំនើប កាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅក្រោមស្តុប ព្រះសក្យមុនិចេតិយ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុថា គេឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KV-5283 ដោយប្រុសម្នាក់ឌុបនារីម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៦ ពីកើតទៅលិច ខណៈធ្វើដំណើរដល់ឆ្លងផ្លូវបំបែកបានបំពានភ្លើងស្ដុប ក៏ជ្រុលទៅបុករថយន្ត Mercedes ពណ៌ស១គ្រឿង ដែលកំពុងបើកបរឆ្លងមហាវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ពេញទំហឹង បណ្តាលឲ្យនារីម្នាក់ប្លោងទៅបុកកញ្ចក់រថយន្តរងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាល ។ បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
តាមប្រភពពីម្ចាស់ម៉ូតូដែលបានមកកាន់ទីតាំងកើតហេតុ ប្រាប់ឲ្យដឹងថា ម៉ូតូខាងលើជារបស់គាត់ ត្រូវបានមិត្តស្រីរបស់គាត់ខ្ចីជិះសិន គាត់ក៏បានប្រគល់ម៉ូតូឲ្យនាងខ្ចី មិននឹកស្មានថា បែរជាយកទៅអោយបុរសផ្សេងឌុបដើរលេង ហើយជួបគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ។
សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ