ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់យ៉ាងរន្ធត់ ខណៈ គេយករថយន្តមកឲ្យជួសជុលនៅយានដ្ឋាន កូនជាង ឡើងបើករថយន្តរ៉ឺយែថយក្រាយ បែរជាច្រឡំដាក់លេខទៅមុខ រួចជាន់ហ្គែរ ទៅបុកស្ត្រីរងគ្រោះដែលជាប្រពន្ធមេជាង ពេញទំហឹងផ្ទប់ជាប់និងជញ្ជាំង បណ្តាលឲ្យស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី១៣ មិថុនា ២០២៥ នៅចំណុចយានដ្ឋានជួសជុលរថយន្តយីហោ «ជាងពៅ» ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានគេយករថយន្ត១គ្រឿង ម៉ាកហាយយឡែនឌ័រមកឲ្យជួសជុលនៅយានដ្ឋានខាងលើ ខណៈជួសជុលរួចមេជាង ដែលជាម្ចាស់យានដ្ឋាន បានប្រើឱ្យក្មួយដែលជាកូនជាងឡើងបើករថយន្តរ៉ឺយែរថយក្រោយចុះពីលើប៉ុង ប្រគល់ឲ្យម្ចាស់គេ ខណៈនោះកូនជាងឡើងបើករថយន្តរ៉ឺយែរថយ ក៏ប៉ុន្តែបែរជាច្រឡំដាក់លេខទៅមុខ រួចជាន់ហ្គែរ រថយន្តក៏ទៅមុខទំនងស្លន់មិនជាន់ហ្វ្រាំង បែរជាជាន់ហ្គែរថែមហោះចុះពីលើប៉ុង ទៅបុកស្ត្រីរងគ្រោះដែលជាប្រពន្ធមេជាង និងជាមីងពេញទំហឹងផ្ទប់ជាប់និងជញ្ជាំង បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ប្រភពបានបញ្ជាក់ថា យានដ្ឋាននេះ នៅជិតមណ្ឌលសុខភាពសង្ឃ័រ និងនៅជិតសាលាសង្កាត់និងប៉ុស្តិ៍រដ្ឋបាលសង្កាត់សង្ឃ័រនេះ ក្រោយពីករណីដ៏រន្ធត់ភ្លាម អ្នកជិតខាងក៏បាននាំគ្នារុញរថយន្តថយក្រោយ រួមទាំងក្រុមគ្រូពេទ្យនិងសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុភ្លាមៗដែរ និងបានពិនិត្យឃើញថា ស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ សមត្ថកិច្ចបានលើកសពស្ត្រីរងគ្រោះឡើងរួចលើកដាក់លើរថយន្តសាមុយមណ្ឌលសុខភាពសង្ឃ័រដឹកបញ្ជូនទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។
ប្រភពបានបន្តថា សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងហៅអ្នកបើករថយន្តបុកស្ត្រីរងគ្រោះស្លាប់ទៅសាកសួរនៅអធិការដ្ឋាននគបាលក្រុងស្វាយរៀង។
ចំណែកមេជាងដែលជាស្វាមីស្ត្រីរងគ្រោះមិនដាក់ពាក្យប្តឹងកូនជាងទេ ដោយកូនជាងគឺជាក្មួយបង្កើតនិងគ្នា៕
ដោយ៖ សុថាន